ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហប្រតិបត្តិការល្អទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួមនៃប្រជាជនប្រទេសទាំងពីរ ក្រោមដំបូលសន្តិភាព ស្ថិរភាព និងវិបុលភាពរួមគ្នាក្នុងតំបន់។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នាល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។ ពិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយឯកឧត្តម​ PAK Chol Jun ភារធារី​ស្តីទី នៃស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ (DPRK) ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ប៉ាក់ ឆុល ជុន (Pak Chol Jun) ភារធារីស្តីទីនៃស្ថានទូតកូរ៉េខាងជើង បានលើកឡើងពីមូលដ្ឋានប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ ខាងជើង ដោយបញ្ជាក់ថា មិត្តភាពរវាងប្រទេសទាំងពីរត្រូវបានកសាងឡើងតាមរយៈទំនាក់ទំនងដ៏ជិតស្និទ្ធរវាងស្ថាបនិកសាធារណរដ្ឋប្រជាមានិតប្រជា ធិបតេយ្យកូរ៉េ អតីតប្រធានាធិបតី គីម អ៊ីល ស៊ុង និងព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
លោកបានលើកឡើងថា មិត្តភាពរវាងប្រទេសទាំងពីរ ដែលមានឫសគល់យ៉ាងរឹងមាំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងមេដឹកនាំជំនាន់មុននៃប្រទេសទាំងពីរ បានអភិវឌ្ឍយ៉ាងល្អប្រសើរអស់រយៈពេលជាង ៦ ទសវត្សរ៍មកហើយ។
ឯកឧត្តម ប៉ាក់ ឆុល ជុន បានបញ្ជាក់ថា កូរ៉េខាងជើងនឹងបន្តថែរក្សាទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងមិត្តភាពប្រពៃណីជាមួយកម្ពុជា ព្រមទាំងខិតខំពង្រីក និង
ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយលើគ្រប់វិស័យ។
លោកក៏បានលើកឡើងថា កូរ៉េខាងជើងនឹងបន្តអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយបណ្តាប្រទេសដែលគោរពអធិបតេយ្យភាពរបស់ខ្លួន និងគាំទ្រសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។
ជាមួយគ្នានេះ ឯកឧត្តមបានរំលេចអំពីការអភិវឌ្ឍផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់កូរ៉េខាងជើង ក្រោមការដឹកនាំរបស់លោក គីម អ៊ីល ស៊ុង លោក គីម ជុង អ៊ីល និងលោក គីម ជុង អ៊ុន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះក្នុងការពង្រឹងសមត្ថភាពការពារជាតិ។
លោកបានឱ្យដឹងថា កូរ៉េខាងជើងកំពុងសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ក្នុងការអនុវត្តភារកិច្ចដែលបានអនុម័តក្នុងមហាសន្និបាតលើកទី៩ នៃគណបក្ស ពលករកូរ៉េ ដែលបានប្រព្រឹត្តទៅកាលពីខែកុម្ភៈកន្លងទៅ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងការអបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើង ក្នុង ឱកាសខួបលើកទី៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជា និងកូរ៉េខាងជើងបានរក្សាទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពប្រពៃណី ដែលមានឫសគល់យ៉ាងជ្រៅពីទំនាក់ ទំនងដ៏ជិតស្និទ្ធរវាងព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ និងអតីតសេនាប្រមុខ គីម អ៊ីល ស៊ុង៕ រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>