ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ ដែលបាញ់ស្ត្រី ម្នាក់ រងរបួសធ្ងន់ ដោយចំពាមកៅស៊ូ ពាក់ព័ន្ធនឹងទំនាស់រឿងរបងព្រំដី ត្រូវចាប់ខ្លួន និង បញ្ជូនទៅ តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់!

ខេត្តកំពង់ឆ្នាំង៖ បុរសសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីរងការចោទប្រកាន់ថា បានលបបាញ់ស្ត្រីម្នាក់ដោយប្រើចំពាមកៅស៊ូ និងគ្រាប់ប៉ាដាងដែក ខណៈស្ត្រីរូបនេះកំពុងស្រោចផ្កានៅក្នុងតូបមុខផ្ទះ បណ្តាលឱ្យរងរបួសត្រង់ថ្ពាល់ រួចរត់គេចខ្លួន។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៧៖២០នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ លៀង ពិសី អាយុ ៣៩ឆ្នាំ រស់នៅភូមិសំរោង។

នៅពេលកើតហេតុ ជនរងគ្រោះ កំពុងស្រោច ទឹកផ្កា នៅក្នុងតូបលក់ដូរជាប់ផ្លូវមុខផ្ទះ របស់ខ្លួន ស្រាប់តែត្រូវជនមិនស្គាល់មុខលបបាញ់ពីចម្ងាយ ដោយគ្រាប់ប៉ាដាងដែកបាញ់ត្រូវត្រង់ថ្ពាល់ បណ្តាលឱ្យរងរបួស និងមានគ្រាប់ជាប់លើផ្ទៃមុខ។

ក្រោយកើតហេតុ ក្រុមគ្រួសារបានប្រញាប់បញ្ជូនស្ត្រីរងគ្រោះទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

លោក ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលខេត្តបានសហការជាមួយនគរបាលស្រុក និងនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកអ្នកប្រព្រឹត្ត។

ការស៊ើបអង្កេត បានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទឹម ថារិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ និងមានទីលំនៅក្នុងភូមិសំរោង ដែលជាអ្នករស់នៅក្នុងតំបន់ជាមួយជនរងគ្រោះ។

តាមសមត្ថកិច្ច ជនសង្ស័យបានសារភាពនៅពេលសាកសួរថា ខ្លួនពិតជាបានយកចំពាមកៅស៊ូបាញ់គ្រាប់ប៉ាដាងដែកទៅលើស្ត្រីរងគ្រោះមែន។

ជនសង្ស័យបានអះអាងថា ការដែលខ្លួនបានបាញ់ ទៅលើជនរងគ្រោះ គឺកើតចេញពីទំនាស់ដែលមានរយៈពេលយូរមកហើយរវាងខ្លួន និងជនរងគ្រោះ ពាក់ព័ន្ធនឹងបញ្ហាធ្វើរបងនៅលើលូដែលស្ថិតជាប់ព្រំដីរបស់ពួកគេ។

នៅយប់កើតហេតុ ជនសង្ស័យបានឃើញស្ត្រីរងគ្រោះកំពុងស្រោចផ្កានៅក្នុងតូបមុខផ្ទះ ហើយបានឆ្លៀតឱកាសយកចំពាមកៅស៊ូបាញ់គ្រាប់ប៉ាដាងទៅលើនាង មុនពេលគេចខ្លួនចេញពីកន្លែងកើតហេតុ។

សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន គ្រាប់ប៉ាដាង ឬគ្រាប់កង់ ចំនួនមួយថង់ និងខ្សែចំពាមចំនួនមួយគូ។

ចំណែកដងចំពាមកៅស៊ូ ត្រូវបានជនសង្ស័យប្រាប់ថា ខ្លួនបានគ្រវែងចោលបាត់ហើយ។

ក្រោយបញ្ចប់ការសាកសួរ និងកសាងសំណុំរឿង សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>