ភ្នំពេញ: អង្គការសង្គមស៊ីវិល ប្រមាណ៥០ អង្គការ-សមាគម កាលពីពេលថ្មីៗនេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ និង សំណូមពរ ឱ្យ អាជ្ញាធរពាក់ព័ន្ធ និង រាជរដ្ឋាភិបាលកម្ពុជា ដោះលែងយុវជន ធី ថន ដែលត្រូវជាប់ក្នុងពន្ធនាគារ ឱ្យមានសេរីភាព វិញ ជាបន្ទាន់ ដោយឥតលក្ខខណ្ឌ ។
សេចក្តីថ្លែងការណ៍ បានសរសេរថា: ក្រុមសង្គមស៊ីវិលយល់ថា: ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៧ ឆ្នាំ លើយុវជន ធី ថន គឺជាការបង្ហាញឱ្យសាធារណជនឃើញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមានស្តង់ដារពីរ ។
ធី ថន ជាយុវជនម្នាក់ដែលតែងតែចូលរួមក្នុងការងារសង្គម កិច្ចការពារបរិស្ថាន និងចូលរួមទាមទាររកយុត្តិធម៌ជូនសកម្មជនសិទ្ធិមនុស្ស លោក កើត សារ៉ាយ សកម្មជនបរិស្ថានទាំង ៥ រូប នៃចលនាមាតាធម្មជាតិ ព្រមទាំងចូលរួមតស៊ូមតិដើម្បីសេរីភាពបញ្ចេញមតិ និងទាមទារឱ្យមានប្រជាធិបតេយ្យពេញលេញផងដែរ ។
តុលាការជាកន្លែងដែលផ្តល់យុត្តិធម៌ជូនមនុស្សគ្រប់រូបដោយស្មើភាពគ្នា ដោយមិនរើសអើងលេីនិន្នាការនយោបាយណាមួយឡើយ ។ ដូច្នេះ អ្វីដែលយុវជនរូបនេះបានធ្វើ មិនគួរត្រូវបានចាត់ទុកជាបទល្មើសព្រហ្មទណ្ឌនោះទេ ហេីយរឹតតែមិនគួរជាប់ពន្ធនាគារដល់ទៅរយៈពេល ៧ ឆ្នាំ ពីបទ «រួមគំនិតក្បត់» នោះទេ។
សេចក្តីថ្លែងការណ៍នេះ បានបន្តថា: ការដាក់ទោសដ៏ធ្ងន់ធ្ងរនេះ. បានបំផ្លាញអនាគតរបស់យុវជនដែលមានចិត្តស្រឡាញ់ជាតិអស់រយៈពេល ៧ ឆ្នាំ ហើយដែលជាបុគ្គលស្អាតស្អំ ។ វាក៏ជាការរំលោភសិទ្ធិមនុស្សផងដែរ ។
លពីថ្ងៃ ទី២ ខែកញ្ញា ឆ្នាំ២០២៦ អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ បានទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវ ដោះលែងអនុប្រធានសមាគមនិស្សិតបញ្ញាវន្តខ្មែរ គឺ លោក ធី ថន និង សកម្មជននយោបាយ ២រូបទៀត គឺអ្នកស្រី ស៊ឹង គន្ធា និងលោក មាន ចាន់ថុល ជាបន្ទាន់ ពី ពន្ធនាគារ។
សូមរំលឹកថា: កាលពីថ្ងៃ ទី២ ខែកញ្ញា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោស ដាក់គុក ជនជាប់ចោទ ឈ្មោះ ធី ថន ភេទ ប្រុស អាយុ ២៥ ឆ្នាំអនុប្រធានសមាគមនិស្សិតបញ្ញាវន្តខ្មែរ និង សកម្មជននយោបាយ ២រូបទៀត គឺអ្នកស្រី ស៊ឹង គន្ធា អាយុ ៥៣ ឆ្នាំ និងលោក មាន ចាន់ថុល អាយុ ៣៦ ឆ្នាំ ដាក់គុក ក្នុងម្នាក់ៗ កំណត់ ៧ ឆ្នាំ ពីបទ: រួមគំនិតក្បត់។
ទាក់ទងនឹង សេចក្ដីថ្លែងការណ៍ ខាងលើនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មិនទាន់អាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ នៅថ្ងៃនេះ៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN








