ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យពិភាក្សាលើការស្នើសុំកិច្ចគាំទ្រជាពិសេស សម្រាប់គម្រោងវិនិយោគការពង្រីកគម្រោងវិនិយោគបច្ចេកវិទ្យាស្នូលរបស់ក្រុមហ៊ុនអន្តរជាតិ ក្នុងវិស័យកម្មន្តសាលបច្ចេកវិទ្យា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យពិភាក្សាលើការស្នើសុំកិច្ចគាំទ្រជាពិសេស សម្រាប់គម្រោងវិនិយោគការពង្រីកគម្រោងវិនិយោគបច្ចេកវិទ្យាស្នូលរបស់ក្រុមហ៊ុនអន្តរជាតិ ក្នុងវិស័យកម្មន្តសាលបច្ចេកវិទ្យា ។ កិច្ចប្រជុំនេះបានធ្វើឡើងនារសៀល ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និង តំណាងជាន់ខ្ពស់មកពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងរ៉ែ និង ថាមពល, អាជ្ញារធរអគ្គិសនីកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានគោលនយោបាយ និង លេខាធិការដ្ឋានក្រុមការងារអភិវឌ្ឍវិស័យឯកជន អមដោយមន្រ្តីជំនាញពាក់ព័ន្ធ ។

ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាបរិយាកាសវិនិយោគ និង បន្តគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន រហូតឱ្យឈានទៅសម្រេចការពង្រីកទុនវិនិយោគបន្ថែមរបស់ក្រុមហ៊ុន ។ ការណ៍នេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីទំនុកចិត្តដ៏មុតមាំរបស់ក្រុមហ៊ុននេះ មកលើស្ថិរភាពនយោបាយ និង ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា ។

អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគថ្មីនេះ ដែលត្រូវបានចាត់ទុកជា «បច្ចេកវិទ្យាស្នូល (Core Technology)» និង ជាការបោះជំហានជាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ។ គម្រោងនេះ នឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតំបន់, ការបង្កើតការងារជំនាញរាប់ពាន់កន្លែង, ការផ្ទេរបច្ចេកវិទ្យាទំនើប និង ការធ្វើសមាហរណកម្មខ្សែច្រវាក់ផលិតកម្មរបស់កម្ពុជា ទៅក្នុងខ្សែច្រវាក់តម្លៃសកល (Global Value Chain) ឱ្យកាន់តែមានភាពប្រកួតប្រជែងនៅក្នុងតំបន់ ។

តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានធ្វើការពិភាក្សាយ៉ាងផុសផុល ទៅលើសំណូមពរ និង ការស្នើសុំកិច្ចគាំទ្រនានារបស់ក្រុមហ៊ុន ដែលទាមទារឱ្យមានការសម្របសម្រួលផ្នែកនីតិវិធីរដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធ និង ការផ្តល់កញ្ចប់លើកទឹកចិត្តវិនិយោគ ។ ឈរលើស្មារតីគាំទ្រធុរកិច្ច (Pro-business), អង្គប្រជុំបានបង្ហាញនូវជំហរទន់ភ្លន់ និង ត្រៀមខ្លួនជាស្រេចក្នុងការស្វែងរកដំណោះស្រាយប្រកបដោយភាពបត់បែន ដើម្បីផ្តល់នូវការធានា និង ទំនុកចិត្តកម្រិតអតិបរមាជូនក្រុមហ៊ុន ក្នុងការសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជាដោយក្តីជឿជាក់ ។

កិច្ចប្រជុំនេះបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និង ប្រកបដោយផ្លែផ្កា ដោយតំណាងអន្តរក្រសួង-ស្ថាប័ន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ន សំដៅធានាថាការស្រូបយកខ្សែច្រវាក់ផលិតកម្មបច្ចេកវិទ្យាទំនើបពីក្រុមហ៊ុនអន្តរជាតិ អាចប្រព្រឹត្តទៅដោយរលូន ដែលនឹងក្លាយជាចលករក្នុងការជំរុញឱ្យកម្ពុជាអាចធ្វើសមាហរណកម្មកាន់តែប្រសើរ ទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និង សកល សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និង សេដ្ឋកិច្ចកម្ពុជា ៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម