ភ្នំពេញ ៖ ស្រីស្អាត មានឈ្មោះ ពិត លៀង សំណាង ហៅ យូ អុីន បោះទុនជាច្រើនឆ្នាំ ជាមួយសិល្បៈឃើញថា អាជីពចម្រៀង របស់នាងពេលនេះចាប់ផ្តើមត្រដែតឡើងយ៉ាងខ្លាំង។ ពិសេសមិត្តភក្តិ ជិតដិតមួយចំនួន សុទ្ធតែភ្ញាក់ផ្អើលនៅពេលឃើញសម្រស់ ប្លែកស្អាតហើយកំពុងតែហក់ឡើង ទីផ្សារការងារទៀតនោះ។

បោះជំហ៊ាន មកទល់ពេលនេះ កញ្ញា យូអុីន មានការតតាំង មិនតិចដែរ ក្នុងការច្បាមយក ប្រជាប្រិយភាព និងតំណែងសិល្បៈ ដែលមហាជនចាប់អារម្មណ៍។ សំណាង មិនដែលគិតបោះបង់មហិច្ឆតា ក្នុងនាមជាតារានោះទេ។ នាងនៅតែដាក់ចិត្ត ប្រឡូកហើយជឿថា សំឡេង និងសមត្ថភាពរបស់នាង ថ្ងៃណាមួយ និងមានការគាំទ្រមិនខាន។ យ៉ាងណាមិញ ពេលនេះគេ ស្រាប់តែឃើញ ស្រីស្អាតរូបនេះ បង្ហាញមុខឡើងច្រៀង តាមបណ្តាកម្មវិធី មួយចំនួន បន្តពីមួយសប្តាហ៍ទៅមួយ សប្តាហ៍ជាប់ៗគ្នា។ ពិសេសកម្មវិធីនាង ច្រៀងសុទ្ធតែចេញមុខនៅតាម កញ្ចក់ទូរទស្សន៍ល្បីៗ ដែលអាចស្ទូច ប្រជាប្រិយភាពនាងរិតតែ បានខ្ពស់ឡើងថែមទៀត។
កញ្ញា យូ អុីន បញ្ជាក់ថា វិថីសិល្បៈមិនអាចឆក់បានការគាំទ្រលឿននោះទេ បើមិនមានការជ្រោមជ្រែង និងអត់ធន់តស៊ូ។ ទម្រាំបានមកដល់ចំណុចនេះ មានការលំបាកគ្រប់រូបភាព ដែលបានឃើញហើយ និងមិនបោះបង់ទៅវិញទទេៗនោះទេ មានតែការខិតខំយ៉ាងណាឲ្យបានប្រសើរទៀត។ នាងនឹងចងចាំ សម្រាប់អ្នកដែលបានជួយខ្នះខ្នែងវែកផ្លូវ ក្នុងសិល្បៈ ដែលអាចឲ្យនាងឈជើងបាន។ ពិសេស អរគុណចំពោះការឲ្យតម្លៃចំពោះ បងប្អូនមិត្តភក្តិ ដែលបានលើកទឹកចិត្ត តាំងពីដើមមក។ នាងនឹងខំកែខៃ សមត្ថភាពឲ្យបានប្រសើរឡើង ទៅមុខទៀត ដើម្បីពង្រឹងទីផ្សារការងារ បន្ថែមទៀត។

យូ អុីន ក្រៅពី ចេះច្រៀង សម័យគ្រប់បទ នាងក៏ខ្លាំងចម្រៀងភ្លេងការ បែបប្រពៃណី មិនអន់ជាងគេប៉ុន្មានឡើយ ។ មានគ្រឹះជាតារាពហុជំនាញ ច្រើនបែបនេះហើយ ទើបយូ អុីន ត្រូវខាងទូរទស្សន៍កក់ ហៅសម្តែងជាប់សូរ មិនស្វាងរើខ្លួនមិនរួច៕
រក្សាសិទ្ធិដោយ៖សំណាង SV











