ភ្នំពេញ ៖ បន្ទាប់ពីធ្លាក់ខ្លួនឈឺជាច្រើនឆ្នាំមកនោះពេលនេះ លោកឪពុកជាទីស្រឡាញ់ របស់តារាចម្រៀងលោក ករុណា ពេជ្រ បានទទួលមរណភាពហើយ កាលពីពេលកន្លងទៅថ្មីៗនេះ។
នេះគឺជាដំណឹងដ៏សោកសៅនិងក្រៀមក្រំបំផុត ចំពោះតារាចម្រៀងល្បីលោក ករុណា ពេជ្រ និងក្រុមគ្រួសារទាំងមូល ដែលត្រូវបានបាត់បង់ លោកឪពុកជាទីស្រឡាញ់ចេះពីគ្រួសារ ដោយគ្មានថ្ងៃត្រឡប់វិញឡើយ។

តារាចម្រៀង ករុណា ពេជ្រ បានរៀបរាប់ទាំងអារម្មណ៍សោកសៅជាពន់ពេកនាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១ នេះថាប៉ាខ្ញុំទៅចោលខ្ញុំហើយ សូមប៉ាទៅឲ្យសុខបើមានជាតិក្រោយកូនសុំកើតជាកូនប៉ាទៀតហើយ ស្ថិតក្នុងគ្រួសារមួយដែលពោរពេញដោយសុភមង្គលណាប៉ាណា។ ជាមួយដំណឹមរណទុក្ខដ៏សោកសៅ និងក្រៀមក្រំបំផុតនេះដែរ គេឃើញមានអ្នកគាំទ្រនិងមហាជនព្រមទាំងអ្នកសិល្ប:ជាច្រើន បានសម្តែងការចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសាររបស់លោក ករុណា ពេជ្រ ផងដែរ។

យ៉ាងណាមិនគេ ក៏មានការចាប់អារម្មណ៍ ដែរដោយសារបានឃើញ សេចក្តីផ្ញើសាររំលែកទុក្ខពី ឯកឧត្តម ហ៊ុន ម៉ានី បានផ្ញើសារពាក្យពេចន៍ក្រៀមក្រំ ដល់ករុណា ពេជ្រ។ នេះជាការគិតគូ ដល់ប្រជាពលរដ្ឋ មិនថាកាលៈទេសៈណា និងមិនរើសមុខឋានៈអ្វីឡើយ។ ក្នុងខ្លឹមសារបានលើកឡើងថា«តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាការ យុវជន និងកីឡា ធម្មការ និងកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍(គណៈកម្មាការទី៧) នៃរដ្ឋសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំពិតជាមានសេចក្តីសោកស្តាយ យ៉ាងក្រៃលែង ក្រោយទទួលដំណឹង មរណៈភាពលោក ម៉ុក សាខន ឪពុកតារាចម្រៀង ករុណា ពេជ្រ ដែលបានចែកឋានទៅលោកខាងមុខ ក្នុងជន្មាយុ៧៥ឆ្នាំ។ មរណភាព របស់លោក ម៉ុក សាខនជាការបាត់បង់ឪពុកជាទី គោរពស្រឡាញ់ ប្រកបដោយ ព្រហ្មវិហារធម៌ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានប្រៀនប្រដៅកូនចៅ ប្រកបដោយឧបការគុណមិនអាចកាត់ថ្លៃបាន។

ក្នុងវេលាប្រកប ដោយសមានទុក្ខនេះ យើងខ្ញុំសូមសម្តែង នូវការសោកស្តាយដោយក្តីអាឡោះអាឡ័យ ចំពោះការបាត់បង់ឧបាសកម៉ុក សាខន ដែលជាការបាត់បង់នូវឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងសង្គមធម៌ដ៍ជ្រាលជ្រៅរបស់កូន និងចៅជាទីស្រឡាញ់។ យើងខ្ញុំសុំឧទ្ទិសបួងសួងដល់ ដួងវិញ្ញាក្ខន្ឋសព ឧបាសកម៉ុង សាខន សូមឆាប់ចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕ រក្សាសិទ្ធិដោយ ៖ ឧត្តម













