ភ្នំពេញ ៖ តារាជាច្រើន បានសម្តែងការភ្ញាក់ផ្អើលនៅពេល ទទួលដំណឹងថា ឪពុកព្រះកាយច័ន្ទ ស្រាប់តែបាត់បង់ជីវិតទៅវិញ។ ហេតុការណ៍នេះ បានត្រូវគេដឹងដោយសារព្រះកាយច័ន្ទជាអ្នកបង្ហោះសារឡើង ជាមួយពាក្យសោកសង្រែក។ គ្រប់គ្នាតក់ស្លុត បំផុតមិនគួរព្រះកាយច័ន្ទនិង ម្តាយបែរជាបាត់បង់មនុស្សជាទីស្រឡាញ់ បែបនេះទៅវិញ ។ ឪពុកព្រះកាយច័ន្ទនេះហើយ ដែលរមែងដើរតាមកូនស្រី និងជាអ្នកជំរុញឲ្យនាងចូលសិល្បៈតាំងពីនៅជំទង់ម្ល៉េះ។

ឪពុកព្រះកាយច័ន្ទ ជាអ្នកឈ្មុសឈ្មុល ឲ្យកូនស្រីបានចូលសិល្បៈតាំងពីដំបូងៗ។ លើសពីនេះថែមទាំង បាននាំកូនចុះឈ្មោះចូលរៀនជំនាញរបាំ បុរាណខ្មែរតាំងពីនៅតូច ក្នុងសាលាវិចិត្រសិល្បៈ។ គ្មានអ្នកណានឹកស្មានថាឪពុក ដែលតស៊ូលើកទឹកចិត្តកូន គ្រប់ពេលវេលា ដើរតាមមើលថែកូនតែម្នាក់ គ្រប់ទិសបែរជាជួបភ័ព្វវាសនាបែបនេះសោះ។ អ្វីដែលគេស្តាយគឺ មិនបានឃើញ កូនស្រីចូលរោងការសំពះផ្ទឹម ជាមួយមនុស្សប្រុសល្អម្នាក់។ អ្នកសិល្បៈបានលើកទឹកចិត្តនាង ឲ្យរឹងមាំកុំបាក់ទឹកចិត្ត ហើយខំតស៊ូ ឡើងទៀតជាមួយសិល្បៈ និងការងាររកស៊ីប្រចាំថ្ងៃ។ ខ្សែជីវិតរបស់មនុស្សមិនទៀងទាត់ទេ មានតែខំសន្សំកុសលសាងបុណ្យទៅមុខ។
ព្រះកាយច័ន្ទ បានសរសេរសារក្នុងចិត្តថា « លោកឪពុកជាទីស្រឡាញ់របស់កូនអើយ…….លោកពុកទៅចោលកូនហើយ ចាប់ពីថ្ងៃនេះទៅកូនលេងមានឃើញមុខប៉ាទៀតហើយ សូមប៉ាទៅឲ្យបានសុខទៅកាន់សុគតិភព កុំបារម្មគិតពីកូនៗនឹងម៉ែអី កូនអាចមើលថែគ្រួសារយើងបានណាប៉ា សូមប៉ាទៅបានសុខ»។ នេះជាដំណឹងអកុសល មួយសម្រាប់មិត្តសិល្បករ បានជ្រាប និងអាចចូលរួមបុណ្យ បានដើម្បីលើកកម្លាំងចិត្តដល់ព្រះកាយច័ន្ទនិងម្តាយ។ ព្រះកាយច័ន្ទ ឈ្មោះពិតរ៉ា សុនីតា បានបង្កើតក្លិបសិល្បៈមួយ ដែលរៀនជំនាញរបាំសម្តែង និងដើរបង្ហាញម៉ូដ ។ ក្លិបនោះឪពុកនាងក៏ជួយមើលការខុសត្រូវផងដែរ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម















