ភ្នំពេញ ៖ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមប៉ាន់យ៉ារ៉ាក់ភូនសាប់ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃឡង់ដ៍ ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងមន្ត្រីការទូតប្រចាំស្ថានទូតផ្សេងទៀត តំណាងវិស័យឯកជនថៃនៅប្រទេសកម្ពុជា និងតំណាងក្រសួងអប់រំ យុវជន និងកីឡា បានចូលគាល់ និងចូលរួមពិធីព្រះរាជទានពានរង្វាន់សម្ដេចចៅហ្វាមហាចក្រី លើកទី៤ ប្រចាំឆ្នាំ ២០២១ តាមប្រព័ន្ធ
អនឡាញ ពីរាជធានីភ្នំពេញ។

ឆ្នាំនេះ ពានរង្វាន់សម្ដេចចៅហ្វាមហាចក្រី គឺបានទៅលើលោកគ្រូ ណន ដារី គ្រូបង្រៀនថ្នាក់ទី ៦ ពីសាលាបឋមសិក្សា គួច ម៉េងលី ទួលបេង ខេត្តកំពង់ចាម។ លោកគ្រូ ណន ដារី គឺជាគ្រូពានរង្វាន់សម្ដេចចៅហ្វាមហាចក្រីទី ៤ ដោយគ្រូពានរង្វាន់សម្ដេចចៅហ្វាមហាចក្រីទី ១ ត្រូវបានប្រគល់ពានរង្វាន់កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១។ លោកគ្រូត្រូវបានជ្រើសរើសជាគ្រូពានរង្វាន់សម្ដេចចៅហ្វាមហាចក្រី
រួមជាមួយលោកគ្រូអ្នកគ្រូពីប្រទេសផ្សេងៗផងដែរ។
ពានរង្វាន់សម្តេចចៅហ្វាមហាចក្រី ឬ Princess Maha Chakri Award គឺជាពានរង្វាន់លំដាប់អន្តរជាតិ ដើម្បីលើកតម្កើងកិត្យានុភាព ដល់គ្រូឆ្នើមនៅកម្រិតសិក្សាថ្នាក់មូលដ្ឋាន នៃបណ្តាប្រទេសនានានៅក្នុងអាស៊ាន និងទីម័រឡេស្តេ ចំនួន ១១ ប្រទេស ដោយប្រកាន់តាមគោលការណ៍ គុណភាពនៃការអប់រំ ស្ថិតនៅលើគុណភាពគ្រូបង្រៀន គុណភាពគ្រូបង្រៀនមានឥទ្ធិពល ចំពោះការស្ថាបនាធនធានមនុស្សដែលប្រកបដោយគុណភាព និងដើម្បីលើកស្ទួយ ព្រះកិត្តិនាមនៃសម្តេចព្រះរាជកន្និដ្ឋា គឺព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន ដែលព្រះអង្គមានព្រះប្រាជ្ញាញ្ញាណវៀងវៃ និងមានព្រះគុណូបការៈដ៏ធំធេងក្នុងវិស័យអប់រំទាំងក្នុង និងក្រៅប្រទេស។

ការព្រះរាជទានពានរង្វាន់គឺស្ថិតក្រោមកិច្ចដំណើរការ របស់មូលនិធិពានរង្វាន់សម្តេចចៅហ្វាមហាចក្រី សហការរួមជាមួយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាគ្រូនៃក្រសួងអប់រំ មូលនិធិដើម្បីសមភាព នៃការអប់រំ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងអង្គភាពដែលពាក់ព័ន្ធផ្សេងៗ នៃប្រទេសថៃ ដោយបានកំណត់ឱ្យមានការព្រះរាជទានពានរង្វាន់លើកដំបូងកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ និងមានការចម្រាញ់ជ្រើសរើសរៀងរាល់ ២ ឆ្នាំ ម្តង៕ រក្សាសិទ្ធិដោយ ៖ ឧត្តម











