ភ្នំពេញ ៖ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) សម្រាប់រោងភាពយន្ត និងរោងសម្ដែងសិល្បៈ បន្ទាប់ពីការបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈនៅក្នុងរាជធានីភ្នំពេញ។
លោកជំទាវ រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានថ្លែងថា ផ្អែកលើមូលដ្ឋាននៃការគ្រប់ដណ្តប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្កើតឲ្យមានប្រព័ន្ធភាពស៊ាំ ក្នុងសហគមន៍ ដែលមកដល់ពេលនេះសម្រេចបានរហូតជាង៨០% លើចំនួនប្រជាជនសរុប ១៦លាននាក់ និងយោងលើការវិវត្តន៍កាន់តែប្រសើរឡើងនៃស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា រាជ រដ្ឋាភិបាលបានសម្រេចបើកប្រទេសឡើងវិញ ជាបណ្តើរៗ និងតាមដំណាក់កាលជាមួយភាពប្រយ័ត្ន ប្រយែង និងការទទួលខុសត្រូវខ្ពស់តាមគន្លងប្រក្រតីភាពថ្មី។
ដើម្បីចូលរួមចំណែកបើកដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច និងសង្គម ដោយអនុវត្ត តាមវិធានការ ៣ការពារ ៣កុំ ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩. ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈសហការជាមួយក្រសួងសុខាភិបាល បានរៀបចំឡើងនូវគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) សម្រាប់រោងភាពយន្ត និងរោងសម្ដែងសិល្បៈអនុវត្ត ក្នុងពេលបើកដំណើរការឡើងវិញ
សូមបញ្ជាក់ថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងពីការបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈនៅក្នុងរាជធានីភ្នំពេញ។
យោងសេចក្តីសម្រេចលេខ៣២៤/២១សសរ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ របស់សាលារាជធានីភ្នំពេញ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនដំណឹងចំពោះលោកប្រធាន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ម្ចាស់រោងសម្តែងសិល្បៈ ម្ចាស់រោងភាពយន្ត សាធារណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិ ទាំងអស់មេត្តាជ្រាបថា ផ្អែកលើការវិវត្តន៍កាន់តែប្រសើរឡើងនៃស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណា ចក្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយ ភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់តាមគន្លងប្រក្រតីភាពថ្មី។
ក្នុងន័យនេះ ដើម្បីចូលរួមចំណែកបើកដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច និងសង្គម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមនី្ទរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈ នៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នេះ តទៅ ដោយត្រូវអនុវត្តឲ្យបានម៉ត់ចត់បំផុតនូវវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) ដែលរៀបចំ ឡើងរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ព្រមទាំងសេចក្ដីណែនាំនានារបស់ក្រសួង សុខាភិបាល។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ម្ចាស់រោងភាពយន្ត ម្ចាស់រោងសម្ដែងសិល្បៈ សាធារណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារ ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូម អនុវត្តតាមសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕រក្សាសិទ្ធិដោយ ៖ កូលាប










