ភ្នំពេញ ៖ តបការយល់ឃើញនេះ តារាចម្រៀងសំឡេងស្អក ខេម រង់ចាំពេលវេលាយូរមកហើយ សម្រាប់ធ្វើការស្រាយបញ្ជាក់ អំពីបញ្ហាមួយនេះ ហើយក៏មិនចង់ឲ្យ មានការជជីកដេញដោលបន្តទៀត។ អ្វីដែលលោកគិត ឃើញថា បើជាឪពុកម្តាយ មានកូនត្រឹមត្រូវ មិនចាំបាច់លាក់លៀមអ្វីនោះទេ មានតែសប្បាយចិត្តដែលអាចរកឃើញមនុស្សជាទីស្រឡាញ់ បន្ថែមទៀត។ ដូចនេះប្រិយមិត្តដែលងឿយឆ្ងល់ ប្រាកដជាបានដឹងច្បាស់ថា បែបណាដោយសារសាមីខ្លួន បានចេញមុខបកស្រាយ លាងជម្រះឲ្យអស់សង្ស័យតែម្តង។

ខេម ហាក់មិនទាន់រកចំណុច វាយបំបែកបទចម្រៀងឲ្យបានលេចធ្លោ មួយរយៈចុងក្រោយនេះ។ លោកបានប្រើពេលវេលា ជាមួយជីវិតឯកជន អស់ជាច្រើនខែ ដោយបានចំណាយពេលចេញទៅ ដើរលេងកម្សាន្តលម្ហែកាយ នៅប្រទេសបារាំងទីដែលផ្ទះម្ចាស់ស្នេហ៍រស់នៅទីនោះ។ តាមប្រភពលោក បានបណ្តោយពេលវេលា ឲ្យរំលងផុតក្នុងឆ្នាំ២០២១នេះ សិនមិនបំបុក បទចម្រៀងនោះទេ។ លោកនិងក្រុមការងារ អាចនឹងចេញនៅបទចម្រៀងល្អៗ ឲ្យបានញឹកញាប់ក្នុងឆ្នាំក្រោយ ២០២២។ ម្ល៉ោះហើយផែនការរបស់ផលិតកម្ម គឺទុកដាក់តារាតាមវេន ជាការមើលឃើញដូចជាតន់ ច័ន្ទសីម៉ា បទរបស់នាងផ្ទុះៗណាស់ ឆ្នាំនេះ ខណៈសមាជិកផ្សេងៗស្ងាប់ឲ្យជ្រាប មិនឃើញមានចម្រៀងបំផុសឡើង។
លោកប៉ុន សុណារិន ហៅខេម បានប្រាប់ឲ្យដឹងពេលវិលមកពីបារាំងភ្លាមៗនោះថា រូបភាពកុមារីម្នាក់ឈ្មោះLy Ranette ដែលលោកបានបីនិងអោបព្រមទាំងរុញរទេះ ហើយត្រូវបានគេសង្ស័យថាជាកូនរបស់លោកនោះ តាមពិតក្មេងស្រីនោះជាក្មួយរបស់លោក ទេ។ លោក ខេម បន្ដថា បើលោកមានកូនមែនមិនមានរឿងដែលត្រូវលាក់បាំងឡើយ ព្រោះថាការមានកូនជា រឿងល្អមួយសម្រាប់មនុស្សគ្រប់គ្នា ចង់បានតែក្មេងស្រីនោះ គ្រាន់ជាក្មួយរបស់លោកប៉ុណ្ណោះ។ ដោយឡែកទាក់ទងរឿងក្មេងប្រុសម្នាក់ អាយុខ្ទង់៣ឆ្នាំ ហើយត្រូវបានលោកខេម បង្ហោះជូនពរថ្ងៃខួបកំណើត នៅលើហ្វេសបុកនោះបុកធ្វើឲ្យគេសង្ស័យថា ជាកូនទី១របស់ លោកនោះ បែរជាត្រូវបានតារាចម្រៀងសំនៀងស្អករូបនេះ ថា កុមារានោះជាកូនរបស់លោកឧកញ៉ាម្នាក់ ដែលលោកទុកដូចជាបងទៅវិញ។

លោកខេម សង្កត់ថា ”អូ ! បងក្មេងប្រុសហ្នុងកូនបងឧកញ៉ាតើ ។ មិនមែនកូនខ្ញុំទេ បង…។ ក្មេងស្រី ជាក្មួយរបស់ខ្ញុំ ហើយក្មេងប្រុសជាកូនបងឧក ញ៉ា ។ ខ្ញុំអត់ទាន់មានកូនផងហ្នឹង”។ ទោះជាលោកខេម មិនព្រមទទួលស្គាល់ថា ក្មេងប្រុសស្រីនោះជាកូនរបស់ខ្លួនមែន តែអតីតតារាចម្រៀងថោន រូបនេះថា លោកក៏គិតគូរចង់រៀបការឬចង់បាន កូននាពេលឆាប់ៗខាងមុខនេះដែរ។ លោកខេម ថានឹងលៃលករកពេលវេលាណា ដែលសមស្រប ធ្វើពិធីល្អមួយ (រៀបការ) នៅពេលដែលស្ងាត់កូវីដ ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម











