ភ្នំពេញ ៖ រហូតមកទល់ពេលនេះ លោក ស៊ុក សុភា បាននឹងកំពុងមានវត្តមាននៅស្រុកកំណើតរបស់ខ្លួនឡើងវិញ ក្រោយពេល ខកខានមកលេងស្រុក។ ការចាកចេញពីអូស្ត្រាលី មកលម្ហែកាយ នៅមាតុភូមិកម្ពុជា លើកនេះហាក់មិនសូវ ទទួលបាននូវអ្វីដែលជាការ រីករាយចិត្តសោះឡើយ ក្នុងពេលដែលផ្ទៃក្នុងគ្រួសារ ប្រពន្ធកូនបែកខ្ញែកគ្នា ដើរដល់ផ្លូវបំបែកធ្វើឲ្យ មហាជន មានការភ្ញាក់ផ្អើលបំផុត។

លោកសុភា តួអង្គនេនទុំ បានប្រឹងញញឹម សម្តែងចេញនូវ អារម្មណ៍នឹកស្រុក ឪពុកម្តាយ នឹកគ្រប់ទីកន្លែងនៃផ្ទៃស្រុកខ្មែរ។ ម្ល៉ោះហើយ ទើបលោកសម្រុកចេញដើរ កម្សាន្តដើម្បីរំសាយនូវភាពតានតឹង សាងអនុស្សាជាមួយឪពុកម្តាយបងប្អូន ឲ្យបានច្រើន។
អ្វីដែលមានការយល់ច្រឡំខ្ពស់ មនុស្សស្រីម្នាក់ដែលគេឃើញ លោកស៊ុក សុភា នៅកៀកស្របពេលលែងលះប្រពន្ធផងថា ជាគូស្នេហ៍ស្អំបេះដូងថ្មី នោះមិនមែនជាការពិតឡើយ។ នារីរូបនោះជាប្អូនស្រីបង្កើតរបស់លោក ដែលបែកគ្នាច្រើនឆ្នាំ បានជួបបងប្រុសមកលេងស្រុក ទើបស្និទ្ធគ្នាបែបនេះ។ ក្នុងពេល មានវិបត្តិបេះដូង កំពុងប្រេះស្រោចក្នុងដួងចិត្ត ទើបលោកសុភា មិនទាន់អាចសម្លឹងឃើញ នារីណាមកដាក់ក្នុងចិត្តភ្លាមៗបានទេ។ លោកកំពុងដិតដាមដោយស្នាមអនុស្សាវរីយ៍បន្សល់ទុក ជាមួយអតីតភរិយា និងកូនៗទើប មិនងាយរំងាប់អារម្មណ៍ ។ ពិសេសនឹកអាណិតកូន ដែលរងការប៉ះទង្គិចរឿង មិននឹកស្មានយ៉ាងលឿន។

អតីតតារាសម្ដែងលោកស៊ុក សុភា បានវិលចូលស្រុកកំណើតវិញជាង២ សប្ដាហ៍ហើយ ក្រោយពីលោកនិងអតីតភរិយាអ្នកនាងហ្សារីណា ដែលជាអាណិកជនខ្មែរនៅអូស្ត្រាលី បានលែងលះគ្នាជាង២ខែ។ បុរសសាច់ដុំធំរូបនេះនៅ តែមានរូបរាងសង្ហារហើយថ្មីៗ នេះគេ ឃើញលោកបានទៅញាំអាហារ នៅហាងមួយនៅម្ដុំខណ្ឌសែនសុខក្នុងទឹកមុខហាក់ស្រងូត ស្រងាត់ ចិត្តជាងមុនបើទោះជាលោកត្រូវបានមិត្តភក្ដិជិតដិត ដែលបែកគ្នាជាយូឆ្នាំមកសួរសុខទុក្ខ និងលើកទឹកចិត្តលោកក្ដី។ តាមមិត្តភក្ដិរបស់លោកសុភា ដែលញាំអាហារជាមួយលោកនោះបង្ហើប ឲ្យដឹងថាសុភាមិនកំណត់វិលទៅអូស្រា្ដលីវិញឆាប់ៗទេ តែអាចនឹងបន្ដនៅស្រុកកំណើតយូថ្ងៃដើម្បី បន្ធូរអារម្មណ៍និងភាពតានតឹងទាំងឡាយ។ ទោះជាយ៉ាងណាលោកសុភាគ្មានគម្រោងវិលមកថត សម្ដែងសិល្បៈ វិញទេក្រោយក្លាយទៅជាពោះម៉ាយកូន៣និងកូនអតីត ភរិយា២នាក់ទៀតសរុប៥នាក់ ដែលលោកបានស្រឡាញ់ពួកគេដូចជាកូនៗរបស់លោកដែរ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម


















