ភ្នំពេញ ៖ រដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ យើងឃើញថា គ្រប់មុខរបរអាជីវកម្មផ្សេងៗយើងឃើញថា ផ្តើមទៅរកភាពស្រស់ បំព្រងជាបណ្តើរៗ ដូចបុប្ឋាត្រូវការទឹកសន្សើម។ ងាកមកមើល សិល្បករផលិតករ ចាងហ្វាងផលិតកម្មមួយចំនួនវិញ ក៏ផ្តើមចិត្តរីករាយ លែងស្ទះដំណើរ ដោយវិបត្តិកូវីដ ហើយត្រៀមខ្លួនរួចរាល់ដើម្បី បង្ហាញស្នាដៃដែលមាន ចែកជូនប្រិយមិត្តដែលគាំទ្រ ក៏ដូចជាអ្នកស្នេហាវិស័យភាពយន្តខ្មែរ ដែលកំពុងតែដុះពន្លកឡើងវិញ ក្រោយកកដំណើរក្បែរ ២ឆ្នាំមកនេះ។

សូមជម្រាបដែរថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១កន្លងទៅ បានប្រកាសបើកដំណើរការឡើងវិញ នូវការចូលទស្ស នាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ ក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះតទៅ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង បានឲ្យ ដឹងថា ចំពោះការបើកដំណើរនេះ ត្រូវគោរពអនុវត្តតាមវិធានការគោលការណ៍ ស្តង់ដាប្រតិបត្តិSOP និងវិធានការនានា របស់ក្រសួងសុខាភិបាល ដើម្បីទប់ ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩។ កត្តាទាំងនេះហើយ វាជាសញ្ញាឬបច្ច័យនៃអំណរមួយ ដែលផ្នែកពាក់ព័ន្ធបានរង់ចាំ និងសញ្ចឹងគិតចង់ឃើញយូរមកហើយ និងគិតថាការដាក់លក្ខខណ្ឌគោរពវិន័យនេះ ក៏ជាហេតុផលមួយប្រសើរដែរ ព្រោះហោចណាស់យើងបាន វែកផ្លូវឆ្ពោះទៅមុខ នាំនាវាសិល្បៈ ភាពយន្តក្នុងស្រុក បោះជំហ៊ានទៅមុខជាថ្មី។

យ៉ាងណាមិញ ផលិតកម្មអិលឌី ដែលជាផលិតកម្មលេចធ្លោមួយ ក្រោមការទទួលស្គាល់ពីមហាជន ក៏នឹងត្រៀមបង្ហាញ ស្នាដៃថ្មីរបស់ខ្លួន ឲ្យបងប្អូនទស្សនិកជន បានទស្សនាកម្សាន្តជាថ្មីម្តងទៀត។ នេះជាចំណែកមួយជួយ លើកមុខវិស័យភាពយន្តខ្មែរ ឲ្យមានចរាចរល្អ នាសង្គមកម្ពុជាយើង ។ ព្រោះយ៉ាងណាមិញ អ្នកគាំទ្រនៅតែពេញចិត្តលើកស្ទួយ និងឲ្យតម្លៃកូនខ្មែរក្នុងការសាងស្នាដៃ របស់ខ្លួន។ រឿង «តណ្ហា » របស់ផលិតកម្ម LD Entertantment បានត្រៀមចាក់បញ្ចាំងនៅថ្ងៃ ១៨ វិច្ឆិកា ២០២១នៅគ្រប់រោងភាពយន្ត។ ផ្ទៃរឿងបែបកំប្លែងលាយមនោសញ្ចេតនា ធានាសើចគ្រប់ឈុតឆាក។ ទស្សនារួច អាចបន្ឋូរបន្ថយភាពតានតឹង ជាមួយការបំពេញការងារផ្សេងៗ របស់លោកអ្នក៕ រក្សាសិទ្ធិដោយ ៖ សំណាងSV







