ភ្នំពេញ ៖ នៅទីបំផុតកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានចេញបកស្រាយហើយពីអនាគត របស់ជាមួយនឹងផលិតកម្មហង្សមាសថា លោកនឹងនៅឬមិននៅ ខណៈពេលដែលលោកនៅបន្តជាប់កុងត្រានៅឡើយ ជាមួយហង្សមាសនៅឡើយ មិនទាន់អាចចាកចេញបានឡើយ។

តាមរយៈការLive តាមហ្វេសប៊ុកកាលពីយប់មិញតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានលើកឡើងថា បច្ចុប្បន្នលោកកំពុងតែជាប់កិច្ចកុងត្រានៅឡើយ ជាមួយផលិតកម្មហង្សមាស ហេតុនេះ លោកត្រូវតែបំពេញកិច្ចការងារនេះឲ្យបានល្អ ហើយទៅថ្ងៃអនាគត លោកនៅមិនទាន់ដឹងច្បាស់នោះទេ ថាតើលោកត្រូវចាកចេញឬនៅបន្តទៀត ប៉ុន្តែបើតាមទម្លាប់របស់លោក នៅពេលដែលលោកធ្វើការនៅកន្លែងណា គឺលោកតែងធ្វើការងារនៅកន្លែងនោះ ឲ្យបានល្អជានិច្ច ដូចនេះហើយទើបថៅកែពេញចិត្តលោក ព្រោះលោកធ្វើការទៅតាមក្រមគុណធម៌និងផ្លូវច្បាប់។
លោកបានបញ្ជាក់ទៀតថា ការចាកចេញឬមិនចេញ វាមិនសំខាន់នោះទេ តែសំខាន់លោកនៅជាប់កិច្ចកុងត្រា ដូចនេះលោកត្រូវតែធ្វើការឲ្យបានល្អ តាំងចិត្តធ្វើការឲ្យបានល្អ។

លោកបានលើកជាឧទាហរណ៍ថា កាលពីលោកធ្វើការនៅផលិតកម្មយូធូ គឺលុះត្រាតែផលិតកម្មនោះបិទ ទើបលោកអាចឈប់បាន ហើយក៏ដូចជាផលិតកម្មសាន់ដេ ទាល់តែចប់កុងត្រា ទើបលោកអាចឈប់បាន នេះជាអ្វីដែលលោកបានប្រកាន់ខ្ជាប់ សម្រាប់ការងាររបស់លោក។
ទោះជាយ៉ាងណាតាមរយៈការបកស្រាយខាងលើ ពីតារាចម្រៀងលោក ខេមរៈ សិរីមន្ត នាពេលនេះគេអាចសន្និដ្ឋានថា តារាចម្រៀងរូបនេះ ហាក់នៅមិនប្រាកដ ពីការចាកចេញពីផលិតកម្មហង្សមាសនៅឡើយទេ នោះមានន័យថា លោកក៏ទំនងជាមិនអាចបន្តនៅផលិតកម្មហង្សមាសទៀតឡើយ នៅពេលចប់កុងត្រា។

ជាការកត់សម្គាល់ នៅក្នុងរយៈពេលចុងក្រោយនេះ មានលេចឮព័ត៌មានយ៉ាងរំលើបថា តារាចម្រៀងលោក ខេមរៈ សិរីមន្ត អាចនឹងចាកចេញពីផលិតកម្មហង្សមាស នៅពេលដែលលោកបញ្ចប់កុងត្រាជាស្ថាពរ ក្នុងពេលដែលតារាចម្រៀងរូបនេះ ត្រូវបានទាក់ទាញពីផលិតកម្មថ្មីមួយ។
ផលិតកម្មថ្មីនោះ គឺជាផលិតកម្ម Galaxy Navatra ដែលជាផលិតកម្មថ្មីមួយ កំពុងតែផលិតបទចម្រៀងស្តង់ដារ ដើម្បីផ្សព្វផ្សាយលើទីផ្សារអន្តរជាតិ ហើយផលិតកម្មនេះ ក៏មានយុទ្ធសាស្ត្រទាក់ទាញ តារាចម្រៀងដែលមានឈ្មោះល្បីស្រាប់ មកចូលរួមជាមួយផលិតកម្មរបស់ខ្លួន៕រក្សាសិទ្ធិដោយ ៖ សំណាងSV





