បងប្អូនប្រជាពលរដ្ឋ ពិតជាមានការភ្ញាក់ផ្អើល និងត្រេកអររំភើបគ្រប់ៗគ្នាតែម្តង ខណៈបានឃើញត្រីគល់រាំងដ៏កម្រ ទម្ងន់ប្រហែលជាង ៨០ គីឡូក្រាម ត្រូវបានអ្នកភូមិម្នាក់នៅឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នេសាទបាន កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។
តែទោះជាយ៉ាងណា បើតាមម្ចាស់វីដេអូដែលមានគណនីហ្វេសប៊ុកឈ្មោះ Say Touc បានឲ្យដឹងថា លោកលោក ម៉ឹង សុខលាត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំរកាខ្នុរ បានទិញ និងលែងត្រីគល់រាំង១ក្បាលនេះ ចូលទៅក្នុងទន្លេមេគង្គវិញ។
ដោយឡែក បើតាមអុំស្រីម្នាក់ជាអ្នកនេសាទបាន បានប្រាប់ឲ្យដឹងថា កាលពីឆ្នាំមុន គាត់នេសាទបានត្រីគល់រាំងដ៏ធំបែបនេះផងដែរ ដោយមានទម្ងន់ត្រឹមតែ ៦៥ គីឡូក្រាម ប៉ុណ្ណោះ។ ប៉ុន្តែ លើកនេះចាប់បានមានទម្ងន់បើតាមប៉ាន់ស្មានប្រហែលជាង ៨០ គីឡូក្រាម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












