នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោក សុង ហៃឡាង( Song Hailiang ) ប្រធានក្រុមហ៊ុន China Communications Construction Company Ltd. (CCCC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដែលជំនួបនេះ ធ្វើឡើងនៅ រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក សុង ហៃឡាង បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួប សម្ដេចតេជោ សាជាថ្មី ហើយលោកបានចាត់ទុក សម្ដេចតេជោ ជាមេដឹកនាំដ៏ឆ្នើម និងតែងតែជួយគាំទ្រដល់ក្រុមហ៊ុនរបស់លោកនាពេលកន្លងមកនៅក្នុងដំណើរការអាជីវកម្មលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ លោក សុង ហៃឡាង ក៏បានរាយការណ៍ជូន សម្ដេចតេជោ អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនរបស់លោកនៅទូទាំងសកលលោក ជាពិសេសវឌ្ឍនភាពនៅក្នុងសាខាក្រុមហ៊ុនរបស់លោកនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលក្រុមហ៊ុនរបស់លោកដែលមានសាខានៅក្នុងប្រទេសកម្ពុជាមានរហូតដល់ទៅ២៣សាខា ដែលកម្មករភាគច្រើនជាង៧០% គឺជាកម្មករជាជនជាតិខ្មែរ ហើយលោកក៏បានលើកឡើងថាក្នុងរយៈពេលជាង២០ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនរបស់លោកមានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រមាណជា ៧០គម្រោងនៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។
លោកក៏បានលើកឡើងទាក់ទងទៅនឹងការ
ប្ដេជ្ញាចិត្តក្នុងការគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាជាពិសេសគឺការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយដល់កម្ពុជាទៅលើការផ្លាស់ប្ដូរទម្រង់អភិវឌ្ឍបៃតង ដែលជាចំណុចមួយដែលលោកបានជម្រាបជូន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅពេលដែលលោកទៅទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ។
នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះការរីកចម្រើនរបស់ក្រុមហ៊ុន CCCC នៅក្នុងពិភពលោក ជាពិសេសក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក។ សម្ដេច ក៏បានលើកឡើងដោយឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់ទៅលើគម្រោងនានាដែលក្រុមហ៊ុនកំពុងតែអនុវត្តនៅក្នុងប្រទេសកម្ពុជា ដូចជាការកសាងព្រែកជីកហ្វូណនតេជោ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្លូវជាតិលេខ៥០C ពីកំពង់ឆ្នាំងទៅកំពង់ធំ ជាដើម។ សម្ដេចតេជោ បានជំរុញឱ្យមានការយកចិត្តទុកដាក់និងការគាំទ្របន្ថែមទៀតទៅលើការអនុវត្តគម្រោងទាំងអស់នេះ ដើម្បីឱ្យចេញជារូបរាងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះ លោក សុង ហៃឡាង បានសម្ដែងនូវការពេញចិត្តនៅក្នុងការអនុវត្តគម្រោងដែលក្រុមហ៊ុនរបស់លោកបានចុះហត្ថលេខាជាមួយនឹងកម្ពុជា ហើយនឹងបន្តគាំទ្រនូវការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាឱ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕រក្សាសិទ្ធដោយ៖សុទ្ធលី








