ជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ រវាងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានផ្ដល់ឱកាសភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា អំពីសាវតានៃទំនាក់ទំនងទ្វេភាគី លទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក និងការឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។
រំលឹកប្រវត្តិទំនាក់ទំនងប្រទេសទាំងពីរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសំដែងការដឹងគុណ ចំពោះមរតកចំណងការទូត ក្រោមស្នាព្រះហស្តព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងឯកឧត្តម ហ្វីដេ កាស្ត្រូ អតីតមេដឹកនាំកំពូលគុយបា ជាពិសេសនៅក្រោយការដួលរលំនៃរបបខ្មែរក្រហម គុយបា បានរួមចំណែកជួយជ្រោមជ្រែងការស្ដារ និងកសាងប្រទេសកម្ពុជាក្នុងគ្រាដ៏លំបាកនោះ ហើយដែលថ្នាក់ដឹកនាំបន្តវេនជំនាន់នេះ ប្ដេជ្ញាពូនជ្រុំឱ្យបានរឹងមាំ និងប្រកបដោយផ្លែផ្កា។
ភ្ជាប់ការរំលឹកពីចំណងការទូត លោកជំទាវឯកអគ្គរដ្ឋទូតគុយបា បានបង្ហាញក្ដីរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និយាយជារួម និងដោយឡែកក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា។ លោកជំទាវក៏បានថ្លែងអំណរគុណ ឯកឧត្តមអភិសន្តិបណ្ឌិត ដែលតាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្ដល់ការសម្របសម្រួលជូនប្រជាពលរដ្ឋគុយបា ដែលជួបបញ្ហាពាក់ព័ន្ធនឹងលិខិតឆ្លងដែន។
លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានមានប្រសាសន៍កោតសរសើរអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានកំពុងដំណើរការកិច្ចប្រជុំ Hotline ជាទៀងទាត់ ជាមួយបណ្ដាស្ថានទូតនៅកម្ពុជា រួមទាំងស្ថានឯកអគ្គរដ្ឋទូតគុយបា។ លោកជំទាវចាត់ទុកកិច្ចប្រជុំនេះ ថាជាការផ្ដល់ឱកាសឱ្យគ្រប់ភាគីទទួលបានព័ត៌មានពីគ្នាទៅវិញទៅមក សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈម និងបង្កលក្ខណៈងាយស្រួលផ្សេងៗទៀតពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍ ដែលលោកជំទាវចាត់ទុកជាគំរូ និងសូមផ្ដល់ការលើកទឹកចិត្តខ្ពស់។
ពាក់ព័ន្ធវិស័យសន្តិសុខ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវឯកអគ្គរដ្ឋទូត បានឯកភាពគ្នាជំរុញការពិភាក្សា និងផ្លាស់ប្ដូរព័ត៌មានបន្ថែមទៀត ដើម្បីឈានទៅបង្កើតបានក្របខណ្ឌទ្វេភាគី សម្រាប់កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងដែលស្ថិតក្រោមក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ ជាអាទិ៍ កិច្ចសហការផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍ល្អៗ ដើម្បីពង្រឹងសមត្ថភាពកងកម្លាំង ក្នុងបរិបទមនុស្សជាតិប្រឈមនឹងបញ្ហាស្មុគស្មាញជាបន្តបន្ទាប់ ជាពិសេសបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណអតីតឯកអគ្គរដ្ឋទូតគុយបា ក្រុមគ្រូបង្វឹក និងកីឡាករគុយបា ដែលបានចូលរួមចំណែកជ្រោមជ្រែងក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា ឱ្យទទួលបានលទ្ធផលល្អ គឺទទួលបានមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍សុីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឆ្លើយតបសំណូមពរឯកឧត្តមអភិសន្តិបណ្ឌិត លោកជំទាវឯកអគ្គរដ្ឋទូតគុយបាថ្មី បានសន្យាបន្តជួយជ្រោមជ្រែងវិស័យកីឡានេះ ទន្ទឹមគ្នានិងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតឱ្យកាន់តែរីកចម្រើន៕រក្សាសិទ្ធដោយ៖សុទ្ធលី







