នៅថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជាបានបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញ របស់បក្សកុម្មុយនីស្តចិន។ ក្នុងអំឡុងទស្សនកិច្ចនេះ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានជួប ពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនអំពីទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការរវាងគណបក្សទាំងពីរ ព្រមទាំងឯកភាពពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវ “ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ភាគីទាំងពីរនឹងបន្តជំរុញបន្ថែមសន្ទុះថ្មីដល់ ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ព្រមទាំងប្តេជ្ញាចិត្តក្នុងការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃក្របខណ្ឌកិច្ច សហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការកសាង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀង មច្ឆា និងអង្ករ»។
សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជាក៏បានអនុញ្ញាតឱ្យ ឯកឧត្តម លីវ ហៃស៊ីង (Liu Haixing) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិនចូលជួបសម្តែងការគួរសម។ ភាគីទាំងពីរបានឯកភាពលើកកម្ពស់គោលគំនិតស្នូលនៃសមភាពអធិបតេយ្យ ឯករាជ្យ សមភាពពេញលេញ ការគោរពគ្នាទៅវិញទៅមក និងការមិនជ្រៀតជ្រែកផ្ទៃក្នុងផងគ្នា ការគោរពច្បាប់អន្តរជាតិ ការអនុវត្តពហុភាគី និយម និងយន្តការដែលយកប្រជាជនជាស្នូល ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងគំនិតផ្តួចផ្តើមសកលសំខាន់ៗទាំង ៤ របស់ចិន រួមមាន៖ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិត ផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល និងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល។រក្សាសិទ្ធដោយ៖សុទ្ធលី





