សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវា«ប្រជាជនពិភពលោកលើកទី៣៧» ១១ កក្កដា ឆ្នាំ២០២៦ ក្រោមប្រធានបទដ៏មាន សារៈសំខាន់គឺ «ការសម្រេចបានក្តីសង្ឃឹម និងសេចក្តីប្រាថ្នារបស់ប្រជាជនវ័យក្មេង សម្រាប់ពេលបច្ចុប្បន្ននិង អនាគត» (Realizing the hopes and aspirations of young people – today and futures)។
ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាមួយ ប្រជាជាតិទូទាំងសកលលោក ដើម្បីប្រារព្ធ «ទិវាប្រជាជនពិភពលោកលើកទី៣៧» ក្រោមប្រធានបទដ៏មាន សារៈសំខាន់គឺ «ការសម្រេចបានក្តីសង្ឃឹម និងសេចក្តីប្រាថ្នារបស់ប្រជាជនវ័យក្មេង សម្រាប់ពេលបច្ចុប្បន្ននិង អនាគត» (Realizing the hopes and aspirations of young people – today and futures)។ ប្រធានបទ នេះមានន័យថា ការអភិវឌ្ឍប្រទេសមិនអាចកើតមានបានឡើយ ប្រសិនបើគ្មានការចូលរួមសកម្មរបស់យុវជន ដែលជាកម្លាំងចលករដ៏សំខាន់។ ក្តីសង្ឃឹមនិងសេចក្តីប្រាថ្នារបស់ពួកគេ គឺជាគន្លងដ៏សំខាន់សម្រាប់ការកសាង សង្គមប្រកបដោយសន្តិភាព សមភាព និងភាពរីកចម្រើន។ ការប្រារព្ធទិវានេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ ព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តនយោបាយកម្រិតខ្ពស់ ដើម្បីផ្ដោតយុទ្ធសាស្ត្រលើកម្លាំង យុវជន ដែលជាសសរស្ដម្ភទ្រទ្រង់ដ៏រឹងមាំសម្រាប់អនាគតជាតិ។
បច្ចុប្បន្ននេះ កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលភាគលាភប្រជាសាស្ត្រដ៏មានតម្លៃមួយ ដែលប្រជាជន វ័យក្មេង និងប្រជាជនក្នុងន័យធ្វើការនៅតែមានចំណែកខ្ពស់។ បរិការណ៍នេះ គឺជាឱកាសដ៏សំខាន់សម្រាប់ជំរុញ កំណើនសេដ្ឋកិច្ច បង្កើនផលិតភាព និងពង្រឹងមូលដ្ឋានអភិវឌ្ឍន៍រយៈពេលវែង។ ប៉ុន្តែ ភាគលាភប្រជាសាស្ត្រនេះ មិនកើតឡើងដោយស្វ័យប្រវត្តិឡើយ។ វានឹងក្លាយជាកម្លាំងជាតិពិតប្រាកដ លុះត្រាតែយើងវិនិយោគបាន ត្រឹមត្រូវលើមនុស្ស ជាពិសេសលើការអប់រំ ជំនាញ សុខភាព (រួមទាំងសុខភាពបន្តពូជនិងសុខភាពផ្លូវភេទ និង សុខភាពផ្លូវចិត្ត) ឱកាសការងារ សមភាពយេនឌ័រ និងបរិយាកាសសង្គម ដែលអាចអនុញ្ញាតឱ្យប្រជាជនវ័យក្មេង បង្ហាញសក្តានុពលរបស់ខ្លួនបានពេញលេញ ក្នុងការចូលរួមកសាងនិងអភិវឌ្ឍប្រទេសនៅថ្ងៃនេះ និងភាពរីកចម្រើន ប្រកបដោយភាពធន់នៅថ្ងៃស្អែក។
យោងតាមរបាយការណ៍អង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៤ ប្រជាជន កម្ពុជា មានចំនួន១៧,៣លាននាក់ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំ មានចំនួន២៦,៨% វ័យ១៥-៣៤ឆ្នាំ មានចំនួន៣៤,៦% វ័យ៣៥-៦៤ មានចំនួន៣២,១% និងវ័យ៦៥ឆ្នាំឡើង មានចំនួន៦,៥%។
ទិន្នន័យនេះបង្ហាញយ៉ាងច្បាស់ថា បញ្ហាប្រជាជនគឺជាបញ្ហាគន្លឹះដែលពាក់ព័ន្ធផ្ទាល់នឹងគុណភាព ធនធានមនុស្ស កម្លាំងពលកម្ម ទីផ្សារការងារ ការផ្តល់សេវាសាធារណៈ សុខុមាលភាពគ្រួសារ និងសន្តិសុខ សង្គមនាពេលអនាគត។ ដូច្នេះ ការរៀបចំគោលនយោបាយប្រជាជនត្រូវផ្អែកលើទិន្នន័យត្រឹមត្រូវ ទាន់ពេល វេលា និងប្រើប្រាស់បានក្នុងការសម្រេចចិត្ត ដើម្បីធានាថាការអភិវឌ្ឍរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាព និងមិនទុកអ្នកណាម្នាក់ចោល។
ទិន្នន័យចំណោលប្រជាជនថ្មីក្នុងសេណារីយ៉ូអត្រាលទ្ធភាពមានកូនថយចុះក្នុងល្បឿនមធ្យម បង្ហាញថា ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល ២៤លាននាក់នៅឆ្នាំ២០៥០ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំនឹងថយ ចុះដល់២១,៨% និងវ័យ១៥-៣៤ឆ្នាំនឹងថយចុះដល់២៨,២% ខណៈដែលប្រជាជនវ័យ៣៥-៦៤នឹងកើន ដល់៣៧,២% និងវ័យ៦៥ឆ្នាំឡើងនឹងកើនដល់១២,៧%។ ការប្រែប្រួលរចនាសម្ព័ន្ធអាយុនេះ បញ្ជាក់យ៉ាង ច្បាស់ថា ពេលវេលាដើម្បីវិនិយោគលើប្រជាជនវ័យក្មេងគឺឥឡូវនេះ។ ប្រសិនបើយើងខកខានមិនបានផ្តល់ ឱកាសនិងការគាំទ្រដល់ប្រជាជនវ័យក្មេងនាពេលបច្ចុប្បន្ន យើងនឹងប្រឈមនឹងបញ្ហានានានៅពេលខាងមុខ ដូចជាការមិនទទួលបាននូវភាគលាភប្រជាសាស្ត្រទីពីរ កង្វះកម្លាំងពលកម្មជំនាញ និងការកើនឡើងនៃបន្ទុក សេដ្ឋកិច្ចនិងសង្គមដោយសារកំណើនប្រជាជនវ័យចាស់។
ការកើនឡើងនៃប្រជាជនវ័យចាស់ជាបញ្ហាមិនអាចចៀសផុតទៅថ្ងៃមុខ ក៏ប៉ុន្តែយើងត្រូវបុរសកម្មក្នុង ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសង្គមទុកជាមុនសម្រាប់ប្រជាជនវ័យចាស់ ដើម្បីប្រែក្លាយភាពជាបន្ទុកនៃប្រជាជន វ័យចាស់ទៅជាភាគលាភប្រជាសាស្ត្រទីពីរ និងកាលានុវត្តភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ប្រាក់។ នៅពេល ដែលប្រជាជនវ័យក្មេងបច្ចុប្បន្នទទួលបានឱកាសការងារនិងប្រាក់ចំណូលសមរម្យ ពួកគេមិនត្រឹមតែអាចលើក កម្ពស់សេដ្ឋកិច្ចគ្រួសារនៅពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពសន្សំ និងកសាងសុវត្ថិភាព ហិរញ្ញវត្ថុ សម្រាប់ធានាដល់ការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានលទ្ធភាពគាំទ្រកូនចៅជំនាន់ក្រោយ និង វិនិយោគបន្ត នៅពេលដែលពួកគាត់ឈានចូលវ័យចាស់។
ក្នុងស្មារតីនេះ ខ្ញុំសូមលើកទឹកចិត្ត និងណែនាំឱ្យក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ វិស័យឯកជន សង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងអស់ បន្តរួមគ្នាអនុវត្តការងារចម្បងៗ ដូចខាងក្រោម៖
ទី១- ពង្រឹងប្រព័ន្ធទិន្នន័យប្រជាជន និងការធ្វើគោលនយោបាយផ្អែកលើភស្តុតាង៖ ការរៀបចំផែនការ និងការសម្រេចចិត្តលើវិស័យសេដ្ឋកិច្ច សង្គម អប់រំ សុខាភិបាល ការងារ និងគាំពារសង្គម ត្រូវពឹងផ្អែកលើ ទិន្នន័យប្រជាជនដែលមានគុណភាពខ្ពស់ ទាន់ពេលវេលា និងអាចប្រៀបធៀបបាន។ ការពង្រឹងប្រព័ន្ធស្ថិតិ ការចុះបញ្ជីអត្រានុកូលដ្ឋាន ការស្ទង់មតិ ការព្យាករប្រជាជន និងការប្រើប្រាស់ទិន្នន័យរដ្ឋបាល គឺជាមូលដ្ឋាន ចាំបាច់សម្រាប់រៀបចំគោលនយោបាយឱ្យចំគោលដៅនិងមានប្រសិទ្ធភាព។
ទី២- វិនិយោគលើការអប់រំ ជំនាញ និងការងារសមរម្យសម្រាប់ប្រជាជនវ័យក្មេង៖ យុវជនកម្ពុជាត្រូវ ទទួលបានឱកាសស្មើភាពក្នុងការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញឌីជីថល ស្ទែម (STEM) និងសហគ្រិនភាព និងជំនាញដែលឆ្លើយតបទៅនឹងទីផ្សារការងារថ្មី។ ការបង្កើតការងារដែលមានផលិតភាពខ្ពស់ និងការពង្រឹង ទំនាក់ទំនងរវាងការអប់រំ ការបណ្តុះបណ្តាល និងតម្រូវការវិស័យឯកជន គឺជាគន្លឹះក្នុងការបម្លែងប្រជាជនវ័យក្មេង ពី “ចំនួនប្រជាជន” ទៅជា “កម្លាំងអភិវឌ្ឍន៍ជាតិ”។
ទី៣- ពង្រឹងសុខភាព សុខុមាលភាព សមភាពយេនឌ័រ និងការគាំពារក្រុមងាយរងគ្រោះ៖ ការអភិវឌ្ឍ ប្រជាជនប្រកបដោយចីរភាព ត្រូវការប្រជាជនដែលមានសុខភាពល្អ មានចំណេះដឹង មានសុវត្ថិភាព និងមាន ឱកាសស្មើគ្នា។ ដូច្នេះ ត្រូវបន្តពង្រឹងការផ្តល់សេវាសុខាភិបាល គាំពារសង្គម ការអប់រំសុខភាពគ្រួសារ ការការពារស្តី កុមារ ជនមានពិការភាព និងក្រុមងាយរងគ្រោះ ដើម្បីធានាថា ការរីកចម្រើនរបស់ប្រទេសមានលក្ខណៈបរិយាបន្ន និងមានមនុស្សជាមជ្ឈមណ្ឌល។
ទី៤- ត្រៀមខ្លួនឱ្យបានទាន់ពេលចំពោះការផ្លាស់ប្តូររចនាសម្ព័ន្ធប្រជាជន និងសង្គមវ័យចំណាស់៖ ខណៈដែលកម្ពុជាកំពុងប្រើប្រាស់ឱកាសពីប្រជាជនវ័យក្មេង យើងក៏ត្រូវរៀបចំជាមុនសម្រាប់ការកើនឡើងន ប្រជាជនវ័យចាស់នាពេលអនាគត។ ការរៀបចំប្រព័ន្ធសុខាភិបាល ការគាំពារសង្គម សេវាថែទាំរយៈពេលវែង ប្រាក់សោធននិវត្តន៍ និងការចូលរួមរបស់មនុស្សចាស់ក្នុងសង្គម ត្រូវក្លាយជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍
រយៈពេលវែងរបស់ជាតិ។
ជារួម ប្រធានបទនៃទិវាប្រជាជនពិភពលោកឆ្នាំនេះ រំលឹកយើងថា អនាគតរបស់កម្ពុជា នឹងត្រូវបាន កំណត់ដោយគុណភាពនៃការវិនិយោគលើប្រជាជនវ័យក្មេង និងប្រជាជននៅថ្ងៃនេះ។ ប្រសិនបើយើងអាចផ្តល់ ឱកាសអប់រំ សុខភាព ការងារ និងបរិយាកាសសង្គមដែលសមស្រប ប្រជាជនវ័យក្មេងកម្ពុជានឹងក្លាយជាកម្លាំង ដ៏សំខាន់ក្នុងការជំរុញកម្ពុជាឱ្យសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង ក្លាយជាប្រទេសមានចំណូលខ្ពស់ និងជាសង្គមមួយដែលមានភាពធន់ប្រជាជន ប្រកបដោយសាមគ្គីភាព សមធម៌ និងចីរភាព។
ក្នុងឱកាសដ៏មានអត្ថន័យនេះខ្ញុំសូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ វិស័យឯកជន សង្គមស៊ីវិល និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមឱ្យបានសកម្មបន្ថែមទៀតក្នុងការលើកកម្ពស់ សក្ដានុពលប្រជាជនកម្ពុជា ជាពិសេសប្រជាជនវ័យក្មេង ដើម្បធានាថាក្ដីសង្ឃឹមនិងបំណងប្រាថ្នារបស់ពួកគាត់ នឹងក្លាយជាការពិតសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ សម្រាប់សហគមន៍ សម្រាប់សង្គម និងសម្រាប់អនាគត ដ៏រុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា។រក្សាសិទ្ធិដោយ : សុទ្ធលី







