នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ឯកឧត្តម អឹអិណុ អាត្សឹស៊ិ ឯកអគ្គរាជទូតទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង បន្ទាប់ពីឯកឧត្តម អឹអិណុ បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ប្រកបដោយជោគជ័យ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការរួមចំណែករបស់ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន រួមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗជាច្រើន រួមមាន នយោបាយ ការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងអប់រំ ក៏ដូចជាការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ពីការប្រកាន់ខ្ជាប់របស់កម្ពុជាចំពោះការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះដំណោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌របស់ជប៉ុនដល់ជនភៀសសឹកកម្ពុជានៅតាមបណ្ដោយព្រំដែន។ ឯកឧត្តម UENO បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលជប៉ុននឹងបន្តតាមដានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយយកចិត្តទុកដាក់ ហើយបានសម្តែងឆន្ទៈ និងការត្រៀមខ្លួនជាស្រេច ក្នុងការបន្តគាំទ្រដល់កិច្ចប្រឹងប្រែងដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី និងការធ្វើឱ្យទំនាក់ទំនងកម្ពុជា-ថៃ វិលត្រឡប់មកភាពប្រក្រតីវិញ។ រក្សាសិទ្ធិដោយ ៖ សុទ្ធលី











