ខេត្តស្វាយរៀង៖ អាជ្ញាធរមានសមត្ថកិច្ចខេត្តស្វាយរៀង កាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៦ បានចុះបង្ក្រាបក្រុមឈ្មួញ ដែលលួចលាក់នាំបារីគេចពន្ធខុសច្បាប់ និង រឹបអូសបានបារី គេចពន្ធ ចំនួន ៣៦,០០០សុង នៅទីតាំងឃ្លាំងស្តុកបារីមួយកន្លែង ស្ថិត នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង។
ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និង បង្ក្រាបបទល្មើស សហការជាមួយ កម្លាំងគយចល័ត និង កងកម្លាំង យោធាការពារព្រំដែន ២៣២ របស់ខេត្តស្វាយរៀង កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តស្វាយរៀង និងការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិបាវិត ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និង ដឹកនាំផ្ទាល់ដោយលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង នៅក្នុង ទីតាំងឃ្លាំងស្តុកបារីមួយកន្លែង ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចគយចល័តជំនាញ បានឱ្យដឹងថា: បន្ទាប់ពីការបង្រ្កាប និង ការត្រួតពិនិត្យឆែកឆេរ នូវ ទីតាំងស្តុកបារីខាងលើ, សមត្ថកិច្ចចម្រុះបានរកឃើញបារីគ្មានបិទត្រាពន្ធគយចំនួន ៣ ប្រភេទ រួមមាន រួម:
ទី១-បារីម៉ាក JPS (Taiwan) មាន ចំនួន ៣១២ កេស ស្មើនឹង ១៨,៧២០ សុង។
ទី២+បារីម៉ាក B&H (UK) មាន ចំនួន ១៨៦ កេស ស្មើនឹង ១១,១៦០ សុង។
ទី៣- បារីម៉ាក Winfield Original Classic (Indonesia)-មាន ចំនួន ១០២ កេស ស្មើនឹង ៦,១២០ សុង។
សរុបប្រមូលបានបារី មានចំនួន ៦០០ ប៊ិច ស្មើនឹង ៣៦,០០០ សុង -គ្មានបិទត្រាពន្ធគយ។
ឥឡូវនេះ ទំនិញបារីខុសច្បាប់ខាងលើ ត្រូវបាននាំយកមករក្សាទុកបណ្ដោះអាសន្ននៅឃ្លាំងរបស់ការិយាល័យគយ និង រដ្ឋាករច្រកទ្វារអន្តរជាតិបាវិត ដើម្បីរង់ចាំការសម្រេច អំពី ថ្នាក់ដឹកនាំរបស់ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN







