ខេត្តបន្ទាយមានជ័យ: លោកហុង លឹមផ័ង ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៦ បានប្រកាសសាលក្រម និង បានសម្រេចផ្តន្ទាទោស លោក អ៊ុង ថាប់រាំង ជានិពន្ធនាយក នៃ សារព័ត៌មានខ្មែរជាយដែន ដាក់ពន្ធនាគារ កំណត់ ០៦ ខែ តែទោសនេះត្រូវបានព្យួរ ពីបទ: បរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ញតិមាត្រា ៣០៥ និង បទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញតិ្តមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។
លោកចៅក្រម បានថ្លែងថា: ជនជាប់ចោទ ឈ្មោះ អ៊ុង ថាប់រាំង មានសិទ្ធិប្តឹងជំទាស់នឹង សេចក្តីសម្រេចនេះ ទៅកាន់ តុលាការឧទ្ធរណ៍ ក្នុងរយៈពេល ៣០ ថ្ងៃ (០១ ខែ) ប្រសិនបើ ជនជាប់ចោទ មិនអាចទទួលយក បាន។
យោងតាម ដីកាតុលាការ បានឱ្យដឹងថា: នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ, លោក ថាប់រាំង ត្រូវបានដើមបណ្តឹងដែលជាអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដាក់ពាក្យបណ្តឹងទៅតុលាការ ក្រោយពេលដែលលោក បានចេញផ្សាយព័ត៌មាននៅលើគេហទំព័រហ្វេសប៊ុករបស់សារព័ត៌មានខ្មែរជាយដែន ដោយបង្ហាញអំពីសកម្មភាពរបស់អធិការរូបនោះ ពាក់ព័ន្ធនឹងការធ្វើកំណត់ហេតុមិនប្រក្រតីលើករណីហិង្សាមួយ ។
លោក ថាប់រាំង ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តបន្ទាយមានជ័យ ដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយត្រូវអនុវត្តតាមលក្ខខណ្ឌតឹងរ៉ឹងមួយចំនួនក្រោមបញ្ញត្តិមាត្រា ២២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
កាលពីខែមករា ឆ្នាំ២០២៤ លោក ថាប់រាំង ក៏ធ្លាប់ត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌទាំងពីរដូចគ្នានេះ នៅក្នុងករណីដាច់ដោយឡែកមួយផ្សេងទៀត ហើយត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យផ្តន្ទាទោសដាក់ពន្ធនាគារ ០៦ ខែ ប៉ុន្តែទោសត្រូវព្យួរ និងពិន័យជាប្រាក់ ២ លានរៀល (ប្រមាណ ៥០០ ដុល្លារអាម៉េរិក)៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






