ភ្នំពេញ: សាលាឧទ្ធរណ៍ ភ្នំពេញ កាលពីព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៦ បានបើកសវនាការជំនុំជម្រះ លើ បណ្ដឹងឧទ្ធរណ៍របស់ អតីតមេបញ្ជាការរង នៃ កងរាជអាវុធហត្ថតាកែវម្នាក់ និង មន្រ្តីកងរាជអាវុធហត្ថម្នាក់ ព្រមទាំង បុរសញៀនល្បែងជល់មាន់ ចំនួន០២នាក់ទៀត ដែលត្រូវបាន តុលាការជាន់ទាប កាត់ទោស ដាក់គុក ម្នាក់ៗ កំណត់ ពី ០៦ ឆ្នាំ ទៅ ១០ ឆ្នាំ ពាក់ព័ន្ធនឹងល្មើស រំលោភរំលោភអំណាច ទទួលសំណូក និង អំពើ សូកប៉ាន់ ជាថ្នូរនឹងការមិន បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ការប្រើប្រាស់ ឬ ជួញដូរគ្រឿងញៀន ប្រព្រឹត្ត នៅក្នុងដែនដី សមត្ថកិច្ចរបស់ ពួកគេ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រព្រឹត្តចន្លោះ ឆ្នាំ ២០២២ និង ២០២៤។
ប្រធានចៅក្រមប្រឹក្សាជំនុំ នៃ សាលាឧទ្ធរណ៍ភ្នំពេញ លោកយន់ ណារ៉ុង បានថ្លែងឱ្យដឹង នៅក្នុងអង្គសវនាការថា: ជនជាប់ចោទ ទាំង០៤នាក់នេះ មានឈ្មោះ ទី១- ឈ្មោះ ង៉ែត ចាន់ធី ភេទ ប្រុស អាយុ ៥៣ ឆ្នាំ មុខរបរមុនចាប់ឃាត់ខ្លួន ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ទទួលផែនប្រធានផ្នែកបង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំខេត្តតាកែវ និង មានឋានន្តរស័ក្តិ ជា វរសេនីយ៍ឯក (ពាក់ស័ក្ដិ៥)។
ទី២- អតីត អនុសេនីយ៍ត្រី (ពាក់ស័ក្ដិ២) ស៊ិន សុវណ្ណារិទ្ធិ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មានតួនាទី ជាជំនួយការការិយាល័យគ្រឿងញៀនខេត្តតាកែវ។
ទី៣- ឈ្មោះ សុខ គា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ និង ទី៤- ឈ្មោះ សេង ទុង ភេទ ប្រុស អាយុ ៤២ ឆ្នាំ។
អ្នកទាំងពីរនាក់នេះ មានមុខរបរជា ម្ចាស់សៃវៀន មាន់ជល់ជល់ ខុសច្បាប់ នៅស្រុកត្រាំកក់ ខេត្តតាកែវ និង ជាអ្នកយកលុយ ទៅសូកប៉ាន់ និង បង់លុយជាប្រចាំខែ អោយ ជនជាប់ចោទ ឈ្មោះ ង៉ែត ចាន់ធី និង ស៊ិន សុវណ្ណារិទ្ធ ជាងថ្នូរនឹង ការមិនបង្រ្កាបល្បែងស៊ីសង ខុសត្រូវ និង
និង ដើម្បីការពារ សៃវៀនជល់មាន់ខុសច្បាប់ របស់ពួកគេ។
លោកចៅក្រមបានបញ្ជាក់ថា: នៅក្នុងចំណោម ជនជាប់ចោទទាំង០៤នាក់នេះ ជនជាប់ចោទ ឈ្មោះ ង៉ែត ចាន់ធី ត្រូវបាន សាលាដំបូងខេត្តកណ្តាល នៅក្នុងឆ្នាំ ២០២៥ សម្រេចផ្តន្ទាទោសដាក់គុក កំណត់ ១០ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ១០ លានរៀល ដាក់ចូលថវិកាជាតិ។
តុលាការក៏បាន សម្រេចរឹប ទ្រព្យសម្បត្តិ របស់គាត់ ដែលបានមក ពីអំពើល្មើសខាងលើ ចំនួន ១៤០០ដុល្លារ និង ប្រាក់រៀល ប្រមាណជាង ៥៧ លានរៀលទៀត ទុកជា ទ្រព្យសម្បត្តិរបស់រដ្ឋ ផងដែរ។
ជនជាប់ចោទ ង៉ែត ចាន់ធី ត្រូវបានជាប់ចោទពីបទ: ស៊ីសំណូក រំលោភអំណាច និង ប្រើប្រាស់ផ្លាកលេខយានជំនិះ ក្លាយក្លាយ។
ចំណែកឯ ជនជាប់ចោទ ឈ្មោះ ស៊ិន សុវណ្ណារិទ្ធិ ត្រូវបានតុលាការ កាត់ទោស ដាក់គុក កំណត់ ០៨ ឆ្នាំ ពីបទ: ស៊ីសំណូក និង រំលោភអំណាច។ រីឯ ជនជាប់ចោទ ឈ្មោះ សុខ គា និង ឈ្មោះ សេង ទុង ត្រូវបានតុលាការកាត់ទោស ដាក់ពន្ធនាគារ ម្នាក់ៗ កំណត់ ០៦ ឆ្នាំ ពីបទ: សូកប៉ាន់។
ក៏ប៉ុន្តែ ជនជាប់ចោទទាំង០៤ នាក់ មិនសុខចិត្តនឹងទណ្ឌកម្មរបស់ពួកគេ ក៏បានប្តឹងឧទ្ឌរណ៍ មកកាន់ តុលាការឧទ្ធរណ៍ភ្នំពេញ និង ស្នើសុំបន្ធូរបន្ថយទោស។
ជនជាប់ចោទទាំង០៤នាក់ ត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល នៅក្នុងខែ មករា ឆ្នាំ ២០២៤ និង បានបញ្ជូន ទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីចាត់ការ តាមនីតិវិធីច្បាប់។
នាពេលសវនាការ, ជនជាប់ចោទ ទាំង០៤ ដែលមានវត្តមាន និង ឈរ នៅក្នុង រង្វង់ក្រចកសេះ នៃ បន្ទប់សវនាការ ជាមួយនឹងវត្តមាន មេធាវីការពារក្តី របស់ពួកគេ បានឆ្លើយសារភាព និង ទទួលស្គាល់ កំហុសឆ្គងរបស់ពួកគេ។
ពួកគេ បានសំណូមពរ ដល់ចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ ភ្នំពេញ មេត្តា ជួយបន្ធូរបន្ថយទោសខ្លះ ដល់ពួកគេផង។
សំណុំរឿងព្រហ្មទណ្ឌនេះ, សាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកា នៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៦ ខាងមុខនេះ។
គួររំលឹកថា: កាលពីថ្ងៃ០១ ខែ មករា ឆ្នាំ ២០២៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាននាំខ្លួនលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែ, លោកអនុសេនីយ៍ទោ លុយ សារុំ នាយសេនាធិការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រាំកក់ និងលោកអនុសេនីយ៍ត្រី ស៊ិន សុវណ្ណារិទ្ធិ មាន តួនាទីជំនួយការការិយាល័យគ្រឿងញៀនទៅសួរនាំ និងបញ្ជូនទៅសួរ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលថ្ងៃ ទី ០៦ ខែ មករា ឆ្នាំ ២០២៦ បានឲ្យដឹងថា: មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកណ្តាល បានស្រាវជ្រាវ ស៊ើបអង្កេតករណីឃាតកម្ម និង បទល្មើសគ្រឿងញៀនដែលបានប្រព្រឹត្តនៅខេត្តកណ្តាល, ខេត្តកំពង់ឆ្នាំង, រាជធានីភ្នំពេញ, ខេត្តតាកែវ ព្រមទាំងឈានដល់ការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន៣រូប ដោយក្នុងនោះ២រូបបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ និង១រូបទៀតបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីអនុវត្តវិន័យទណ្ឌកម្មតាមបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។
សេចក្តីប្រកាសបន្តថា: យោង តាមចម្លើយសារភាពរបស់ជនសង្ស័យ និង ផ្អែកតាមឯកសារភស្តុតាង មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកណ្តាល នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានបញ្ជូនជនសង្ស័យឈ្មោះ ង៉ែត ចាន់ធី និងឈ្មោះ ស៊ិន សុវណ្ណារិទ្ធ ពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូក (ទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាប បទល្មើសគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត) ទៅអង្គភាពប្រឆាំងអំពើពុករលួយ។
ចំពោះឈ្មោះ លុយ សារ៉ុម ហៅ លុយ សារុំ មិនមានពាក់ ព័ន្ធនឹងបទល្មើសស៊ីសំណូក ប៉ុន្តែបុគ្គលនេះគ្មានការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ច បាន បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវវិញ ដើម្បីអនុវត្តវិន័យទណ្ឌកម្ម៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




