ខេត្តកំពត: ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកំពត កាលពីថ្ងៃ ទី ២០ ខែ កក្កដា ឆ្នាំ ២០២៦ បានបញ្ជូនខ្លួន បុរសរកស៊ីលក់ដូរថ្នាំញៀនម្នាក់ ទៅឃុំខ្លួន បណ្ដោះអាសន្ន នៅក្នុង ពន្ធនាគារខេត្ត ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរថ្នាំញៀនខុសច្បាប់ នៅក្នុងខេត្តកំពត។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន បណ្ដោះអាសន្ន របស់ចៅក្រមស៊ើបសួរ, ជនជាប់ចោទ រូបនេះ មាន ឈ្មោះ ឆិល អូន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិឈើទាល ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។
ជនជាប់ចោទ ត្រូវបាន តំណាងអយ្យការចោទប្រកាន់ពីបទ: រក្សាទុក និង ជួញដូរ ដោយខុសច្បាប់ នូវ សារធាតុញៀន តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន។
គាត់ត្រូវបានចាប់ឃាត់ខ្លួន ដោយ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពត កាលពីថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៦ នៅវេលាម៉ោង១៥:៥០នាទី។
ក្រោយធ្វើការឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពត ដកហូត វត្ថុតាងចាប់យករួមមាន៖
១. ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២៤កញ្ចប់ (ធំ៣កញ្ចប់ តូច២១កញ្ចប់) ទម្ងន់៣១.៣៧ក្រាម ថ្លឹងទាំងសំបក។
២. ម៉ូតូចំនួន០១គ្រឿង។
៣. ទូរស័ព្ទ០២គ្រឿង៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយCEN






