ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ៦ខែ ឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ក៏ដូចជាថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ទូទាំងប្រទេសផងដែរ។
ផ្អែកតាមរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តយុទ្ធនាការ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលយន្តការអនុវត្តយុទ្ធនាការទាំង ២ ក៏ដូចជា សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សម្រេចបានក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦ ប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនេះ, បន្ទាប់ពីបានពិនិត្យ និងពិភាក្សាគ្នាអំពីបញ្ហាប្រឈមដែលបានកើតមានឡើងរួចមក, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ណែនាំដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការដោះស្រាយពាក្យបណ្តឹង និងពាក្យសុំអន្តរាគមន៍ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ហ្មត់ចត់ និងត្រឹមត្រូវ សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ពិសេស ពង្រឹងជំនឿទុកចិត្តរបស់សាធារណជនមកលើវិស័យយុត្តិធម៌។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ណែនាំដល់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ការនូវសំណុំរឿងអាទិភាពទាំង ៥ រួមមាន៖ អត្រានុកូលដ្ឋាន, គ្រោះថ្នាក់ចរាចរណ៍, ក្មេងទំនើង, គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។រក្សាសិទ្ធិដោយ៖សុទ្ធលី












