សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ឱ្យលោក ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ក្រោយមានការសំណូមភ្លាមៗពីពួកគាត់ ។ប្រជាពលរដ្ឋម្នាក់ឈ្មោះ Eng Heang តំណាងឱ្យបងប្អូនរស់នៅមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ២ បានផ្ញើសំណូមជូនសម្តេចនាយករដ្ឋមន្រ្តីតាមបណ្តាញសង្គមហ្វេសប៊ុក ដោយលើកឡើងពីបញ្ហាទឹកស្អាតក្នុងមូលដ្ឋានរបស់ខ្លួន គឺមិនមានទឹកប្រើប្រាស់នៅពេលថ្ងៃ តែមិនទាន់មានដំណោះស្រាយនៅឡើយ ។ សារប្រជាពលរដ្ឋបានផ្ញើជូននាយករដ្ឋមន្រ្តីយ៉ាងដូច្នេះថា ជំរាបសួរសម្ដេច! យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅខាងកើតច្រមុះជ្រូកស្ទឹងមានជ័យក្នុងសង្កាត់ស្ទឹងមានជ័យ២ សូមសំណូមពរឱ្យសម្ដេចជួយដោះស្រាយពីបញ្ហាទឹកស្អាត ពេលថ្ងៃអត់មានទឹកប្រើទេ។ ហើយប្រជាពលរដ្ឋនៅម្តុំនេះធ្លាប់បានសំណូមពរទៅរដ្ឋករទឹកក្រុងភ្នំពេញច្រើនលើកច្រើនឆ្នាំមកហើយនៅតែគ្មានដំណោះស្រាយដល់ពលរដ្ឋប្លុកនេះដដែល ។អាស្រ័យដូចបានជំរាបជូនខាងលើនេះ ប្រជាពលរដ្ឋនៅម្ដុំដែលអត់មានទឹកប្រើគ្រប់គ្រាន់នេះសង្ឃឹមថា សម្ដេចនឹងជួយដោះស្រាយបញ្ហានេះដោយក្តីអនុគ្រោះ។ សូមគោរពជូនពរឱ្យសម្ដេចមានសុខភាពល្អជារៀងរហូត ។តបតាមសំណូមពររបស់ប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលឆ្លើយតបដោយចាត់ចែងដោះស្រាយភ្លាមៗជូនបងប្អូន។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តមហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ពិនិត្យ និងជួយដោះស្រាយជូន» ។អាជ្ញាធរខណ្ឌមានជ័យ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោក ឆាយ វីរៈ អភិបាលរង និងរដ្ឋករទឹកស្វ័យក្រុងភ្នំពេញ បាននិងកំពុងពិនិត្យ និងដោះស្រាយបញ្ហាជូននេះជូនបងប្អូនប្រជាពលរដ្ឋ ។អាជ្ញាធរបានប្រាប់ថា នៅពេលថ្ងៃមានទឹកប្រើប្រាស់ តែទឹកចេញខ្សោយ តែនៅពេលនេះខាងរដ្ឋករទឹកមានគម្រោងរុញទឹកឱ្យខ្លាំង ដូច្នេះក្នុងរយៈពេល ២ទៅ៣ថ្ងៃទៀត បងប្អូននឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយ ៕រក្សាសិទ្ធិដោយ៖សុទ្ធលី







