ភ្នំពេញ: ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៦ បានឃុំខ្លួន បុរសជាប់ចោទ ម្នាក់ ជាប់ពាក់ព័ន្ធការ ប្រើអំពើហិង្សា វាយសម្លាប់ បុរសជាងកញ្ចក់ម្នាក់ ដែលជាភាគី គូ ជម្លោះ បណ្តាលឱ្យស្លាប់ បន្ទាប់ពីមានជម្លោះពាក្យសម្ដីផឹកស៊ី នឹងគ្នា នៅក្នុងសង្កាត់ចោមចៅ៣ កាលពី ព្រលប់ ថ្ងៃ ២១ ខែ កក្កដា ឆ្នាំ ២០២៦។
អំពើហិង្សានេះ បានកើតឡើង នៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ១៨ និង ៣០ នាទី នៅចំណុចផ្ទះ ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលបានឱ្យដឹងថា: ជនត្រូវចោទរូបនេះ មានឈ្មោះ ឆែម កែម ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន ទីលំនៅបច្ចុប្បន្ន នៅ ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកឯ ជនរងគ្រោះមាន
ឈ្មោះ ដេត សារុំ ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកញ្ចក់ មានទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល (ស្លាប់)។
ជនត្រូវចោទ ត្រូវបាន តំណាងអយ្យការចោទប្រកាន់ពីបទ: ហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារ មរណៈភាព នៃ ជនរងគ្រោះ តាមបញ្ញត្តិ មាត្រា ២២៤ នៃ ក្រមព្រហ្មទណ្ឌ និង ប្រឈមនឹងការជាប់ពន្ធនាគារ ចន្លោះពី ៧ ឆ្នាំ ទៅ ១៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព។
ជនជាប់ចោទ ត្រូវបានឃាត់ខ្លួន នៅ ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ២២ និង ០០ នាទី នៅចំណុចផ្ទះ ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មូលហេតុ នៃ ឈ្លោះទាស់ពាក្យសំដីគ្នា នេះ គឺ នៅពេលផឹកស៊ីឈានដល់ប្រើហិង្សាដាក់គ្នា តែម្តង៕រក្សាសិទ្ធិគ្រប់គ្រងដោយ CEN





