ភ្នំពេញ: តំណាង មហាអយ្យការ អមសាលាឧទ្ធរណ៍ ភ្នំពេញ លោកជា ម៉េត កាលពីថ្ងៃ ២៣ ខែ កក្កដា ឆ្នាំ ២០២៦ បាន ស្នើសុំឱ្យ ក្រុមប្រឹក្សាជំនុំជម្រះ នៃ តុលាការឧទ្ធរណ៍ភ្នំពេញ តម្លើងទណ្ឌកម្ម ជនជាប់ចោទ០២ នាក់ ដែលជា អតីតមន្ត្រីពេទ្យយោធា និង ដែលត្រូវបាន តុលាការជាន់ទាប់ កាត់ទោស ដាក់គុក ម្នាក់ៗ ពី៥ ទៅ៦ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ជួលបេក្ខជនក្លែងក្លាយ ចំនួន១៩ នាក់ ដើម្បីលួចចូលប្រឡង ជំនួស បេក្ខជនពិត ១៩ នាក់ ដើម្បីបានចូលរៀន ជំនាញវិជ្ជាជីវៈពេទ្យ ថ្នាក់ឆ្នាំមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រនៅគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលឆ្នាំ២០៤ ឆ្នាំ២០២៥ ជាថ្នូរនឹងការទទួលបានប្រាក់ ពី ៦០០០ ទៅ ៧០០០ ដុល្លារអាមេរិក ពីក្រុមគ្រួសាររបស់បេក្ខជនម្នាក់ៗ អោយបានធ្ងន់ធ្ងរបំផុត។
លោកព្រះរាជអាជ្ញារង ជា ម៉េត បានថ្លែងនៅក្នុង អង្គសវនាការថា: ការផ្តន្ទាទោស ចំពោះ ជនជាប់ចោទ ទាំង ០២នាក់ អំពី សាលាដំបូងរាជធានីភ្នំពេញ គឺ ស្រាល តិចពេក និង មិនសមល្មម នឹង អំពើព្យសនកម្ម នៃ បទល្មើសធ្ងន់ធ្ងរ និង ការចោទប្រកាន់ ចំនួន០២ បទល្មើស ចំពោះជនជាប់
ចោទ គឺ ពីបទ: រំលោភអំណាច និង ក្លែងឯកសារ សាធារណៈ ដែលជាបទល្មើសឧក្រិដ្ឋ។
លោកព្រះរាជអាជ្ញារង បានបន្ថែមថា: នៅក្នុងករណីនេះ, ជនជាប់ចោទ គួរតែទទួលបាន ការ ដាក់ទណ្ឌកម្ម ឬ ការផ្តន្ទាទោស អោយបា ធ្ងន់ធ្ងរ បំផុត ដើម្បីអោយ ពួកគេ មានការ រាងចាល និង មិនបន្ត ប្រព្រឹត្តបទល្មើសនេះ ជាថ្មីទៀត នៅ ពេលបានចេញពី ពន្ធនាគារ។
លោកកូវ សៅ ប្រធានចៅក្រមប្រឹក្សាជំនុំ បានថ្លែងឱ្យដឹងថា : ជនជាប់ចោទ ទាំង០២ រូបនេះ មានឈ្មោះ: ព្រហ្ម លីដា ហៅ លី ភេទប្រុស អាយុ ៤០ ឆ្នាំ មានមុខរបរមុនចាប់ខ្លួន: ជាវេជ្ជបណ្ឌិត និង ជាមន្ត្រីពេទ្យយោធា។ និង ម្នាក់ទៀត ឈ្មោះ អ៊ុន ចំរើន ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុខរបរមុនចាប់ខ្លួន: ជា មន្ត្រីរាជការ និង ជានិស្សិតទន្តពេទ្យ ឆ្នាំ ទី២ នៃ សាកលវិទ្យាល័យសុខាភិបាល។
ក្នុងចំណោមជនជាប់ចោទទាំងពីរនាក់ ឈ្មោះ ព្រហ្ម លីដា (ដែលមេខ្លោង) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៥ ផ្តន្ទាទោស ដាក់គុក កំណត់ ០៦ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ១០ លានរៀល សម្រាប់ដាក់ចូលក្នុង ថវិកាជាតិ។
តុលាការរាជធានីភ្នំពេញ ក៏ បាន សម្រេចរឹបអូស រថយន្តរបស់គាត់ ចំនួន ០១ គ្រឿង ដែលមក អំពី ផល នៃ ការប្រព្រឹត្ត បទល្មើស ទុកជា ទ្រព្យសម្បត្តិរដ្ឋ។
ជនជាប់ចោទ ត្រូវបានជាប់ចោទពីបទ: រំលោភអំណាច និង ក្លែងឯកសារ សាធារណៈ តាមបញ្ញត្តិ មាត្រា ៣៥ នៃ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និង មាត្រា ៦២៩ នៃ ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត ពី ឆ្នាំ ២០២២ ដល់ ឆ្នាំ ២០២៥។
ចំណែក ឯ ជនជាប់ចោទ ឈ្មោះ អ៊ុន ចំរើន ត្រូវបាន តុលាការសម្រេច ផ្តន្ទាទោសដាក់គុក កំណត់ ០៥ ឆ្នាំ និង ពិន័យប្រាក់ ចំនួន ១០ លានរៀល ដាក់ចូលក្នុង ថវិការដ្ឋ ពីបទ: សមគំនិត ក្នុងអំពើ រំលោភអំណាច និង ក្លែងឯកសារ សាធារណៈ។
ពួកគេត្រូវបាន សមត្ថកិច្ច នៃ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) សហការជាមួយ អាជ្ញាធរពាក់ព័ន្ធ បានចាប់ឃាត់ បន្ទាប់ពី ពួកគេ បានធ្វើការជ្រើសរើស និង ជួល បេក្ខជន ចំនួន ១៩ នាក់ ដោយក្លែងឯកសារ ពាក់ព័ន្ធ ដើម្បីឱ្យ បេក្ខជនក្លែងក្លាយ បានចូល ប្រឡង ជំនួស បេក្ខជនពិត ចំនួន ១៩នាក់ ដើម្បីបានចូលរៀនជំនាញវិជ្ជាជីវៈពេទ្យ ថ្នាក់មូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រនៅគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលឆ្នាំ២០៤ ឆ្នាំ២០២៥ កាលពីថ្ងៃទី ១ និង ទី ២ ឆ្នាំ ២០២៥ នៅក្នុងរាជធានីភ្នំពេញ។
យោងតាម លោកចៅក្រម កូវ សៅ, មន្ត្រីសង្កេតការណ៍ នៃ អង្គភាពប្រឆាំងអំពើ អាចបំបែក និង បង្ក្រាបសំណុំរឿង ពុករលួយនេះបាន, បន្ទាប់ពី មន្រ្តីACU បានរកឃើញ បេក្ខជនក្លែងក្លាយម្នាក់ បានច្រឡំ ដាក់ខ្លួន ពិតប្រាកដ នៅលើ វិញ្ញាសារ ប្រឡង ដែល គាត់ ត្រូវតែសរសេរ ឈ្មោះ បេក្ខជនពិត ដែលខ្លួន បានបន្លំ និង ប្រឡង ជំនួសនោះ នៅលើក្រដាស់ វិញ្ញាណប្រឡង។
យោងតាម ចម្លើយសារភាពរបស់ បេក្ខជនក្លែងក្លាយទាំង១៩រូប, ពួកគេ បានទទួលប្រាក់ ចន្លោះពី ពី ១៣០០ ទៅ ១៥០០ ដុល្លារអាមេរិក ក្នុងម្នាក់ៗ ពីឈ្មោះ ព្រហ្ម លីដា និង ឈ្មោះ អ៊ុន ចំរើន ជាថ្នូរនឹងការ ចូលប្រឡង ជំនួស បេក្ខជនពិត ដើម្បីឱ្យបាន ប្រឡងជាប់ និង បានចូលរៀន ជំនាញពេទ្យ ដើម្បីក្លាយជា វេជ្ជបណ្ឌិត នាពេលអនាគត។
នាពេលសវនាការ, ជនជាប់ចោទទាំងពីរនាក់ ដែលមានវត្តមាន នៅក្នុង បន្ទប់សវនាការ ទទួលស្គាល់ អំពីអង្គហេតុ និង បានសារភាព អំពើ កំហុសឆ្គងរបស់ពួកគេ។
ពួកគេ បាន សំណូម យ៉ាងទទូច ដល់ចៅក្រមប្រឹក្សាជំនុំជម្រះ មេត្តា ជួយបន្ធូរបន្ថយ ទណ្ឌកម្មខ្លះ ដល់ពួកផង។
ជនជាប់ចោទ ឈ្មោះ ព្រហ្ម លីដា បានសារភាពថា: គាត់ធ្លាប់បាន ប្រព្រឹត្ត បទល្មើស ខាងលើនេះ ចាប់តាំងពីឆ្នាំ ២០២២ រហូតដល់ថ្ងៃ ដែលគាត់ ត្រូវបានអង្គភាពប្រឆាំងអំពើ ចាប់ឃាត់ខ្លួន នៅ ខែ មីនា ឆ្នាំ ២០២៥។
លីដា សារភាពថា: ចំពោះ ករណីខាងលើនេះ ខ្លួនបានទទួល ប្រាក់ ចន្លោះពី ៦០០០ ទៅ ៧០០០ ដុល្លារអាមេរិក ពី ឪពុកម្ដាយ របស់ បេក្ខជនប្រឡងពេទ្យម្នាក់ ( ចំនួន ១៩ នាក់) ដែលបានពឹងពាក់គាត់ ធ្វើម៉េច ដើម្បីកូនៗ ផង់គាត់ បានប្រឡងជាប់ និង បាន ចូលរៀន ជំនាញវិជ្ជាជីវៈពេទ្យ ថ្នាក់ឆ្នាំមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រនៅគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលឆ្នាំ២០៤ ឆ្នាំ២០២៥។
លីដា បាននិយាយ ថា: ចំណែកលុយ ដែលនៅ សេសសល់ ពីការ ចំណាយ លើការជួល បេក្ខជនក្លែងទាំង១៩នាក់ និង ការចាយវាយ ទៅលើ ការធ្វើ ឯកសារក្លែងក្លាយ, ខ្លួន បានចែកគ្នា ជាមួយ ឈ្មោះ អ៊ុន ចំរើន។
សំណុំរឿងក្តីនេះ សាលាឧទ្ធរណ៍ ភ្នំពេញ នឹងប្រកាសសាលដីកា នៅដើម ខែ សីហា ខាងមុខនេះ។
គួររំលឹកថា: កាលពីថ្ងៃ ទី១-២ ខែ មីនា ឆ្នាំ២០២៥ គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានរៀបចំដំណើរការប្រឡងជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈថ្នាក់ឆ្នាំមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រនៅគ្រឹះស្ថាននបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលឆ្នាំ២០៤ ឆ្នាំ២០២៥ ដែលការប្រឡងនេះ មានបេក្ខជន បេក្ខនារីប្រមាណជាង ១០៥២៨នាក់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




