ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ តុលាការខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៦ បានបញ្ជួនខ្លួន ជនជាតិថៃ ជាប់ចោទ ចំនួន ២០នាក់ និង ជនជាតិកម្ពុជាម្នាក់ ទៅឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុង ពន្ធនាគារខេត្ត ដើម្បីរង់ចាំ កាត់ទោស តាមច្បាប់ ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រព្រឹត្ត នៅក្នុងក្រុងប៉ោយប៉ែត។
ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តបន្ទាយមានជ័យ ក៏បានចេញដីកាតាមចាប់ខ្លួនជនជាតិចិនម្នាក់ដែលបានរត់គេចខ្លួន ផងដែរ។
អ្នកនាំពាក្យ នៃ សាលាដំបូងខេត្តបន្ទាយមានជ័យបានឱ្យដឹងថា: ក្នុងចំណោមជនជាប់ចោទខាងលើ,ជនជាតិថៃទាំង២០នាក់ ត្រូវបាន តំណាងអយ្យការចោទប្រកាន់ពីបទ ៖ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំង , បទ៖ ឆ្លងដែនដោយខុសច្បាប់ និងពីបទ៖ សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុង ខែ មករា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ តាមមាត្រា ៥ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាត្រា ២៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ចំណែកឯ ឈ្មោះ សេង ឈឹមសុទ្ធា ភេទប្រុស កើតឆ្នាំ១៩៩១ សញ្ជាតិខ្មែរ ត្រូវបាន ចោទប្រកាន់ពីបទ៖ សមគំនិតក្នុងអំពើរៀបចំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពីបទ៖ សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុច ភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុង ខែ មករា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២៦ តាមមាត្រា ៦ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង មាត្រា ២៩ នៃ ក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
រីឯឈ្មោះ WU HAIBO ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិចិន (រត់គេចខ្លួន) ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ:៖ រៀបចំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង បទ៖ សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចភូមិទួល ប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុង ខែ មករា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បទល្មើសដែល មានចែង តាមមាត្រា ៦ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង មាត្រា ៣៨ នៃច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ពួកគេត្រូវបានបង្រ្កាប និង ចាប់ឃាត់ខ្លួន ដោយ សមត្ថកិច្ចនគរបាលកម្ពុជាន កាលពីថ្ងៃទី១៥ ខែ កកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៣.០០នាទី នៅអគារទីតាំងផ្ទះ០២ល្វែង កម្ពស់០២ជាន់ផ្ទាល់ដី មាន១៦បន្ទប់ ស្ថិតនៅភូមិ ទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅក្នុងប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចនគរបាល បានដកហូតនូវវត្ថុតាងដែលមានតម្រុយសង្ស័យពាក់ព័ន្ធ នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារួមមាន៖ កុំព្យូទ័រ ALL in One ចំនួន ១៨គ្រឿង, កុំព្យូទ័រយួរដៃចំនួន ០១គ្រឿង , ទូរស័ព្ទដៃចម្រុះ ចំនួន២៣គ្រឿង, អាយផេតចំនួន ១២គ្រឿង, ខ្ចោះចំនួន ០១ អាវប៉ូលីសថៃចំនួន ០២ និងខោចំនួន ០១ ស៊ីមកាត និងឯកសារមួយចំនួនទៀត៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






