ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា បន្ទាប់ពីមានបណ្ដឹងសុំអន្តរាគមន៍ ពីឪពុកម្តាយរបស់នាង សមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំង កម្រិតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការបើក ប្រតិបត្តិការស្វែងរកនាងភ្លាមៗ។ ទីបំផុត មន្ត្រីនគរបាលកម្ពុជា បានរកឃើញនាងកំពុងស្នាក់នៅក្នុង អគារខុនដូរ និងទទួលបានការបញ្ជាក់ពីនាងថា នាងមិនបាន់រងគ្រោះដោយអំពើជួញដូរមនុស្ស ឬការ ធ្វើទារុណកម្មណាមួយឡើយ។ នាងបានឱ្យដឹងថារឿងហេតុនេះ គឺដោយសារបញ្ហាគ្រួសារផ្ទាល់ខ្លួន រហូតនាងសម្រេចចិត្តធ្វើដំណើរមកប្រទេសកម្ពុជា ដោយបិទបណ្ដាញទំនាក់ទំនងជាមួយក្រុមគ្រួសារ ទាំងអស់។ ពេលនេះ នាងមានសុវត្ថិភាព និងស្ថិតក្រោមការយកចិត្តទុកដាក់ពីមន្ត្រីជំនាញកម្ពុជា។
ដោយមានការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីស្វែងរកនារីជនជាតិសិង្ហបុរីម្នាក់ ដែលត្រូវបានឪពុករបស់ខ្លួនដាក់ពាក្យបណ្ដឹងនៅប៉ូលិសសិង្ហបុរីឱ្យជួយស្វែងរក ។
នារីរូបនេះ មានឈ្មោះ Siti Aishan Siregar binte Siregar ជនជាតិសិង្ហបុរី ត្រូវបានរកឃើញនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងខុនដូរឈ្មោះទួលគោកឡែន ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមលទ្ធផលនៃការសួរបំភ្លឺជំហានដំបូង នាងបានឱ្យដឹងថា ខ្លួនមិនសប្បាយចិត្តជាមួយឪពុកម្ដាយ ហើយបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ តាមជើងយន្តហោះលេខ EK348 ។
នារីរូបនេះក៏បានបង្ហាញពីបំណងចង់ដាក់ពាក្យស្នើសុំបណ្ណការងារ ដើម្បីធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅកម្ពុជាផងដែរ ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី










