ភ្នំពេញ៖ នារីជនជាតិសិង្ហបុរី បានចេញមកបញ្ជាក់ពីការចូលមកប្រទេសកម្ពុជា ដោយមិនជាប់ពាក់ព័ន្ធជាមួយសកម្មភាពបទល្មើស Online Scams និងការអូសទាញណាមួយឡើយ ពោលនាងមកស្រុកខ្មែរយើង ព្រោះតែចង់ស្វែងរកការងារជាគ្រូបង្រៀន ក្រោយស្ថានភាពជីវភាពរបស់នាងមានការលំបាក។
នាងបញ្ជាក់បែបនេះ ជាសារមួយទៅកាន់សារព័ត៌មានអន្តរជាតិ និងការលើកឡើងមិនល្អជាច្រើនជាមួយស្ថានភាពជាក់ស្តែងនៅកម្ពុជា សូមកុំឲ្យមានការយល់ច្រឡំ។
ខាងក្រោមនេះជាសារបញ្ជាក់របស់នាង៖
សួស្តី សូមអរគុណ។
ខ្ញុំឈ្មោះ អាយសា (Aisha) ជាស្ត្រី អាយុ ២០ ឆ្នាំ ហើយខ្ញុំចង់ធ្វើសេចក្ដីថ្លែងការណ៍នេះទៅកាន់ស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់។
ថ្មីៗនេះ ឪពុកម្តាយរបស់ខ្ញុំមានការព្រួយបារម្ភអំពីការមកប្រទេសកម្ពុជារបស់ខ្ញុំ ហើយពួកគាត់បានរាយការណ៍ទៅកាន់ស្ថាប័នសារព័ត៌មាន បណ្ដាញសង្គម និងសមត្ថកិច្ច អំពីការបាត់ខ្លួនរបស់ខ្ញុំ។
ខ្ញុំចង់បញ្ជាក់នូវចំណុចមួយចំនួន។ ជាដំបូង ជីវភាពរស់នៅរបស់ខ្ញុំនៅប្រទេសសិង្ហបុរីបានបង្កឱ្យខ្ញុំមានភាពតានតឹងយ៉ាងខ្លាំង។ ដូច្នេះ ខ្ញុំចង់ស្វែងរកផ្លូវជីវិតរបស់ខ្លួនឯង។ ដោយហេតុនេះ នៅថ្ងៃទី២០ ខែកក្កដា ខ្ញុំបានសម្រេចចិត្តចាកចេញដោយខ្លួនឯង និងមកប្រទេសកម្ពុជា ដើម្បីបំពេញការងារជាគ្រូបង្រៀនភាសាអង់គ្លេស។
ការសម្រេចចិត្តចាកចេញពីគ្រួសាររបស់ខ្ញុំនៅប្រទេសសិង្ហបុរី និងមកកាន់ប្រទេសកម្ពុជា គឺជាការសម្រេចចិត្តរបស់ខ្ញុំទាំងស្រុង។
ខ្ញុំមិនត្រូវបាននរណាម្នាក់បង្ខំឱ្យមកទីនេះឡើយ។ ខ្ញុំក៏មិនត្រូវបានឆបោកឱ្យមកទីនេះដែរ។ ការសម្រេចចិត្តនេះគឺផ្អែកទាំងស្រុងលើឆន្ទៈ ការពិចារណា និងការជ្រើសរើសរបស់ខ្ញុំផ្ទាល់។
ខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតថា ខ្ញុំមិនបានជាប់ពាក់ព័ន្ធ ឬត្រូវបានបង្ខំឱ្យចូលរួមក្នុងសកម្មភាពឆបោក សកម្មភាពបោកប្រាស់ ឬសកម្មភាពឧក្រិដ្ឋកម្មណាមួយឡើយ។
យុវតីសិង្ហបុរីវ័យ ២០ឆ្នាំ ឈ្មោះ Aishah បាននិយាយជាសាធារណៈ ដើម្បីបញ្ជាក់ពីមូលហេតុនៃការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា បន្ទាប់ពីក្រុមគ្រួសាររបស់នាងបានរាយការណ៍ទៅកាន់សមត្ថកិច្ច ស្ថាប័នព័ត៌មាន និងបណ្ដាញសង្គមថា នាងបានបាត់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការជាវីដេអូចេញផ្សាយដោយផេកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, Aishah បានឱ្យដឹងថា មុនពេលចាកចេញពីប្រទេសសិង្ហបុរី នាងបានប្រឈមនឹងសម្ពាធផ្ទាល់ខ្លួនក្នុងជីវិតរស់នៅ ដែលជាហេតុជំរុញឱ្យនាងសម្រេចចិត្តស្វែងរកផ្លូវជីវិតថ្មី។ ដោយហេតុនេះ នៅថ្ងៃទី២០ ខែកក្កដា នាងបានធ្វើដំណើរមកប្រទេសកម្ពុជា ដោយស្ម័គ្រចិត្ត ដើម្បីធ្វើការជាគ្រូបង្រៀនភាសាអង់គ្លេស។
Aishah បានបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើដំណើរមកកម្ពុជាគឺជាការសម្រេចចិត្តដោយខ្លួនឯងទាំងស្រុង មិនមានការបង្ខិតបង្ខំ ការបោកបញ្ឆោត ឬការជួញដូរមនុស្សនោះឡើយ។ នាងក៏បានអះអាងបន្ថែមថា នាងមិនបានចូលរួម ឬត្រូវបានបង្ខំឱ្យពាក់ព័ន្ធនឹងសកម្មភាពឆបោក សកម្មភាពឧក្រិដ្ឋកម្ម ឬអំពើខុសច្បាប់ណាមួយឡើយ។ រក្សាសិទ្ធិដោយ៖សុទ្ធលី





