នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសំណេះសំណាល និងបិទវគ្គពង្រឹងសមត្ថភាពមន្ដ្រីការទូតជាន់ខ្ពស់ ដែលរៀបចំឡើងដោយវិទ្យាស្ថាន ជាតិការទូតនិងទំនាក់ទំនងអន្ដរជាតិ។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្ដីការទូតជាន់ខ្ពស់ (ចាប់ពីប្រធាននាយកដ្ឋាន) និងសិក្ខាកាម សរុបចំនួន១២១រូប ព្រមទាំងមានការចូលរួមតាមប្រព័ន្ធវីដេអូរបស់ប្រធានស្ថានតំណាងកម្ពុជាប្រចំានៅបរទេស សរុបចំនួន៤៥រូប។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានអបអរសាទរចំពោះសិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្ដរជាតិ ដែលបានខិតខំរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ស្របតាមយុទ្ធសាស្រ្តស្នូលនៃការកសាង និងអភិវឌ្ឍសមត្ថភាពមន្រ្ដីការទូត មុនពេលចេញទៅបំពេញបេសកកម្មនៅបរទេស។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់អំពី សារៈសំខាន់នៃការពង្រឹងប្រសិទ្ធភាពការងារ តាមរយៈការបំពាក់បំប៉នវិជ្ជាជីវៈការទូតឱ្យបានទូលំទូលាយ និងពេញលេញ និងបានលើកទឹកចិត្ដមន្រ្ដីការទូតឲ្យចូលរួមកាន់តែសកម្មបន្ថែមទៀត នៅក្នុងក្របខណ្ឌ នៃការបណ្ដុះបណ្ដាលរបស់វិទ្យាស្ថាន។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ណែនាំគន្លឹះជូនដល់សិក្ខាកាម និងអ្នកចូលរួមទាំងអស់ ជុំវិញការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពការងារនយោបាយការទូតកម្ពុជា នៅលើឆាកអន្ដរជាតិ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនូវភាពប្រទាំងប្រទើសគ្នាលើបញ្ហាសន្ដិសុខ និងអស្ថិរភាពសេដ្ឋកិច្ច ដោយបានសង្កត់ធ្ងន់លើអាទិភាពយុទ្ធសាស្រ្តការទូតកម្ពុជាចំនួន៦ រួមមាន៖ (១) បន្តពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងពង្រីកទំនាក់ទំនងថែមទៀតជាមួយដៃគូថ្មី (២) បន្តការគាំទ្រ និងរួមវិភាគទានក្នុងការពង្រឹងពហុភាគីនិយម (៣) ការកសាងសហគមន៍អាស៊ាន (៤) ការលើកស្ទួយការទូតសេដ្ឋកិច្ច និងវប្បធម៌ (៥) អនុវត្តនូវការទូតសាធារណៈ និង (៦)ការលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមត្ថភាពអ្នកការទូតកម្ពុជា។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានចែករំលែកបទពិសោធន៍ការទូតជាក់ស្តែងលើភាពជាអ្នកដឹកនាំ ការគ្រប់គ្រងស្ថានតំណាងឱ្យមានប្រសិទ្ធភាព និងការអនុវត្តយុទ្ធសាស្រ្តការទូតប្រកបដោយភាពបត់បែន វាងវៃ បុរេសកម្ម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិឱ្យបានគ្រប់ជ្រុងជ្រោយ និងខិតខំទ្វេដងលើការគាំពារពលរដ្ឋកម្ពុជានៅបរទេស និងការពារអត្ថប្រយោជន៍កម្ពុជានៅលើឆាកអន្តរជាតិ ដោយត្រូវបំពេញភារកិច្ចប្រកបដោយស្មារតីវិជ្ជាជីវៈ មោះមុត ស្វាហាប់ និងមានស្វាមីភក្តិជានិច្ចនិរន្តចំពោះប្រជាជាតិ និងប្រជាជនកម្ពុជា។ រក្សាសិទ្ធិដោយ៖សុទ្ធលី
















