ភ្នំពេញ៖ ក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ ភ្នំពេញ កាលពី រសៀលថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២៦នេះ បានប្រកាសពន្យារពេល ការធ្វើសវនាការ លើបណ្តឹងឧទ្ធរណ៍ របស់អតីត ប្រធានគណបក្សភ្លើងទៀន គឺ លោក ទាវ វណ្ណុល ជាប់ពាក់ព័ន្ធសំណុំរឿង បរិហារកេរ្តិ៍ ដោយសារតែ ជនជាប់ចោទ បានចេញដំណើរទៅ ក្រៅប្រទេស ដើម្បីព្យាបាលជំងឺធ្ងន់ធ្ងរ ផ្ទាល់ខ្លួន។
ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ លោក អ៊ឹម វណ្ណៈ បានថ្លែងនៅក្នុង អង្គសវនាការថា: មូលហេតុ ដែល តុលាការឧទ្ធរណ៍ បានសម្រេច ពន្យារពេលសវនាការ លើ បណ្ដឹងឧទ្ធរណ៍របស់ ជនជាប់ចោទ ឈ្មោះ ទាវ វណ្ណុលនេះ គឺដោយសារ ជនជាប់ចោទ បានដាក់ពាក្យស្នើសុំពន្យារសវនាការ ដោយតែគាត់ ត្រូវចេញដំណើរទៅ ក្រៅប្រទេស ដើម្បីព្យាបាលជំងឺមហារីកគ្រាប់ឈាម?
លោកចៅក្រម បានបន្ថែមថា: ក្រុមប្រឹក្សាជំនុំជម្រះ នឹងដាក់ កម្មវិធីជំនុំជម្រះ សារជាថ្មី នៅពេល ឆាប់ៗ ខាងមុខនេះ។
បន្ទាប់ពីការថ្លែង បញ្ជាក់ របស់លោកប្រធានចៅក្រមប្រឹក្សា,
ក្រុមមេធាវីការពារក្តី រាជរដ្ឋាភិបាល ក្រុមអ្នកសង្កេតការណ៍ អង្គការក្រៅរដ្ឋាភិបាល និង តំណាង ស្ថានទូត បរទេស ជាមិត្ត របស់កម្ពុជា ព្រមទាំង ក្រុមអ្នកកាសែត ជាច្រើននាក់ ដែលខំធ្វើដំណើរ ពី ទីឆ្ងាយៗ ដើម្បីចូលរួម សវនាការ របស់លោក ទាវ វណ្ណុល ខាងលើនេះ, សម្តែងការ ខកចិត្ត ហើយត្រូវ វិលត្រឡប់ទៅកាន់ អង្គភាព ការងារ របស់ពួកគេវិញ។
កាលពីទី ០៦ ខែ កក្កដា ឆ្នាំ ២០២៦ តំណាង មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ លោកជា ម៉េត បានចេញ ដីកា កោះហៅ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ឱ្យចូលខ្លួនក្នុងសវនាការជំនុំជម្រះ លើបណ្តឹងឧទ្ធរណ៍របស់គាត់ នៅ ថ្ងៃ ទី០៣ ខែ សីហា ឆ្នាំ ២០២៦ ខាងមុខនេះ នៅវេលាម៉ោង ០២ និង០០ នាទីរសៀល។
សវនាការនេះនឹងត្រូវដឹកនាំដោយក្រុមប្រឹក្សាជំនុំជម្រះទី១១ ដែលមានលោក អ៊ឹម វណ្ណៈ ជាប្រធានក្រុមប្រឹក្សា ជំនុំជម្រះ, លោក ហ៊ឹង ប៊ុនថន និង លោក យុន សុវណ្ណ ជាចៅក្រមប្រឹក្សា ជំនុំជម្រះ។
សូមបញ្ជាក់ថា: នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ ទាវ វណ្ណុល ភេទ ប្រុស អាយុ ៧២ ឆ្នាំ ជនជាតិអាមេរិក ដើមកំណើតខ្មែរ
ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៤ សម្រេចផ្តន្ទាទោស ដោយពិន័យគាត់ ជាប្រាក់ ចំនួន ១០លានរៀល (ប្រមាណ ២៥០០ ដុល្លារអាមេរិក) សម្រាប់ដាក់ជាថវិកាជាតិ និង បង្គាប់ឱ្យ គាត់ត្រូវបង់ប្រាក់ ចំនួន 6000 លានរៀល (ប្រមាណ ១,៥ លានដុល្លារអាមេរិក) ទៀត ទៅ មេធាវីការពារ រាជរដ្ឋាភិបាលកម្ពុជា ដែលតំណាង ឱ្យភាគីដើមបណ្ដឹងរដ្ឋប្បវេណី សម្រាប់ថ្លៃ ព្យសនកម្ម នៃ ការប៉ះពាល់ កេរ្តិ៍ឈ្មោះ និង កិត្តិយស របស់ថ្នាក់ដឹកនាំជាតិ និង រាជរដ្ឋាភិបាលកម្ពុជា។
តុលាការក៏បានចេញ ដីកាបង្កក អចលនវត្ថុ (ផ្ទះ និង ដីធ្លី) របស់គាត់ ចំនួន បី កន្លែង (០៣ ប្លង់) ដែលមាន តម្លៃប្រហែល ១,៥ លានដុល្លារអាមេរិក ផងដែរ។
ជនជាប់ចោទ ឈ្មោះ ទាវ វណ្ណុល ត្រូវបានជាប់ចោទពីបទ: បរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តទៅកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ។
តែ ជនជាប់ ទាវ វណ្ណុល បានប្តឹងជំទាស់នឹងខ្លឹមសារទាំងមូល នៃ សេចក្តីសម្រេច (សាលក្រម)របស់តុលាការរាជធានីខេត្ត ទៅកាន់ តុលាការឧទ្ធរណ៍ភ្នំពេញ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយCEN






