ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយស្រ្តីឈ្មោះ សាម ម៉ីជូ នៅពេលនេះឪពុករបស់ជនបង្ក បានផ្តល់សំណងជូនគ្រួសារជនរងគ្រោះចំនួន៦ម៉ឺនដុល្លារអាមេរិក ជូនទៅឈ្មោះ គឿន ប៉ុន្នី ប្រពន្ធជនរងគ្រោះ ។
ការសម្របសម្រួល និងផ្តល់សំណងនេះ បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ នៅសាលាឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាមដោយមានការចូលរួមពីមន្រ្តីសាលាឃុំ និង មេធាវីផងដែរ ។
បើទោះបីទទួលបានសំណងពីក្រុមគ្រួសារជនបង្ក តែ សាម ម៉ីជូ នៅបន្តជាប់ពន្ធនាគារដដែល ដើម្បីទទួលទោសតាមច្បាប់
នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សំ វាសនា បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ សាម ម៉ីជូ ភេទស្រី ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្ដោះអាសន្ន ក្រោមបទចោទប្រកាន់ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លាប់ និងបទរត់គេចខ្លួន ប្រព្រឹត្តនៅចំណុចមុខផ្សារអីអន២ លើផ្លូវលេខ១០០៣ ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី










